អ្នកនាំពាក្យក្រសួងសង្គមកិច្ច​ បានលើកឡើងពីការលំបាកជុំវិញការគ្រប់គ្រងជនអនាថា​ដែលរស់នៅតាមទីសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម​ តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងពីការលំបាកជុំវិញ​ការគ្រប់​គ្រងជនអនាថា​ដែល​រស់​នៅតាមទីសាធារណៈ​ ខណៈដែលពួកគាត់ព្យាយាមគេចវេស មិនចង់រស់នៅក្នុងមណ្ឌល ដែលមានការគ្រប់គ្រងត្រឹមត្រូវ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម​ តូច ចាន់នី បានបញ្ជាក់ថា​ ក្រោយពីចូលទៅ​រស់​នៅក្នុងមណ្ឌល ក្រុមជនអនាថាទាំងអស់នោះ តែងតែព្យាយាមរត់គេចចេញពីមណ្ឌល ដោយ​មិនចង់រស់នៅស្ថិតក្រោមការគ្រង់គ្រងនោះទេ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ​ ធ្វើឡើងខណៈដែលមានការលើកឡើងពីមហាជនរិះគន់ជុំវិញការមិនអើរពើរបស់ស្ថាប័នពាក់ព័ន្ធចំពោះបុគ្គលទាំងនោះ។ ឯកឧត្តម​បានបន្តថា​ កន្លងទៅក្រសួងបានសហការជាមួយ ស្ថាប័ន​ពាក់ព័ន្ធដើម្បីដើរប្រមូលជនអនាថា តាមទីសាធារណៈយកទៅរស់នៅ ក្នុងមណ្ឌល​ដើម្បីធ្វើការគ្រប់គ្រង។ ត្រង់ចំណុចនេះ​ ឯកឧត្តម​អ្នកនាំពាក្យបានបន្ថែមថា មូលហេតុដែល​ពួកគេព្យាយាមរត់ចេញ ដោយសាររស់នៅខាងក្រៅអាចយកប្រាក់បាន តាមរយៈការដើរសុំ​តាមទីសាធារណៈ។

តែទោះបីជាយ៉ាងណា​ក្ដី ឯកឧត្តម​បានអះអាងថា​ ក្រសួង និងស្ថាប័នពាក់ព័ន្ធ នៅតែ​ប្រើ​យន្ដការរួមដើម្បីដោះស្រាយការងារនេះ ដោយព្យាយាមពន្យល់ណែនាំក្រុម​ជនអនាថា​ទាំង​អស់នោះ ឱ្យរៀនរស់នៅក្នុងមណ្ឌល ដើម្បីទទួលបានចំណេះ និងជំនាញផ្សេងពីអ្នកគ្រប់​គ្រង៕

ដោយ ចាន់ សុធីវង្ស