អ្នកនាំពាក្យក្រសួងសង្គមកិច្ចគូសបញ្ជាក់ថា ក្រសួងផ្តល់ថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ សរុបជាង៨ម៉ឺននាក់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទាបានគូសបញ្ជាក់ថា ក្រសួងបានផ្តល់ថវិកាដល់ស្ត្រីមានផ្ទៃ​ពោះ និង​កុមារ​ក្រោម​អាយុ២ឆ្នាំ​បានជាង៨ម៉ឺននាក់ ដែលជាគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល។

​ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈ​រដ្ឋ​មន្ត្រី​ឯកឧត្ដម តូច ចាន់នី បានលើកឡើងថា ក្នុងឆ្នាំ២០១៩កន្លងមក ក្រសួងសង្គមកិច្ច បាន​សម្រេចលទ្ធផលការងារដូចជាការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងសមភាពលើក​កម្ពស់​យេនឌ័រ ការលើកកម្ពស់សេដ្ឋកិច្ច ការជួយដល់ជនងាយរងគ្រោះគ្រប់ប្រភេទ ពិសេសកុមារ ងាយរងគ្រោះ ស្ត្រីចាស់ជរាជាដើម ។ល។ ឯកឧត្ដមបានបន្ដថា ក្រសួងបានកំពុងដាក់ឱ្យ​ដំណើរ​ការសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារស្ថិត នៅក្រោមអាយុ២ ឆ្នាំក្នុងគ្រួសារក្រីក្រ ដែលកម្មវិធីនេះមានគោលបំណងលើកកម្ពស់សុខុមាលភាពស្ត្រីមានផ្ទៃពោះ និងកុមារក្នុងការ​ដោះ​ស្រាយ​កង្វះអាហារូបត្ថម្ភ។ ឯកឧត្ដមបានបន្ដទៀតថា បើគិតមកដល់ថ្ងៃទី២៧ ខែមេសា​ឆ្នាំ២០២០ ក្រសួងសង្គមកិច្ចបានផ្តល់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារមានចំនួន៨៤,៧៧៦​នាក់ និងចំណាយថវិកាសរុបចំនួន១៨៨,៧៧៩លានរៀល។ ឯកឧត្ដមបានអះអាងថា ការធ្វើ​បែបនេះជាគោលនយោបាយថ្មីមួយរបស់រាជរដ្ឋាភិបាលដែលពីមុនមកមិនមាននោះទេ។ ទន្ទឹមនេះ ស្ត្រីដែលក្រីក្រគាត់គ្មានលទ្ធភាពទៅពិនិត្យសុខភាព កូនខ្វះអាហារូបត្ថម្ភជាដើម ដែលចំណុចនេះបានបង្ហាញថា រាជរដ្ឋាភិបាលបានគិតគូរក្នុងការជួយប្រជាពលរដ្ឋក្រីក្រ។

ឯកឧត្ដមអ្នកនាំពាក្យបានលើកឡើងទៀតថា បើគិតជាមធ្យមក្នុង១ថ្ងៃមានស្ត្រីមានផ្ទៃ​ពោះ និង​កុមារ​មាន​អាយុ​ក្រោម២ឆ្នាំ ដែលបាន​មកចុះឈ្មោះមានចំនួនប្រមាណជាង២០០​នាក់។ អ្នកដែល​មក​ពិនិត្យតាមលក្ខខ័ណ្ឌកំណត់របស់គ្រូពេទ្យមានជាមធ្យមប្រមាណ​៨០០​នាក់និងអ្នកមក​សម្រាលកូនមានប្រមាណ១០០នាក់ ​ក្នុងមួយថ្ងៃដែលអ្នកសម្រាល​ឧបត្ថម្ភ  ប្រា​ក់២០ម៉ឺនរៀល។ ឯកឧត្ដមបានថ្លែងថា “អីច្ចឹងអ្នកក្រលើកនេះមកមន្ទីរពេទ្យមិនគ្រាន់តែ​បាន​សេវាព្យាបាលនោះទេ គាត់បានថវិការទៀត។ អីច្ចឹងទេតាំងពីដើមដល់ចប់ម្នាក់ៗ​បាន​១៩០ដុល្លារ”។

ក្រៅពីនេះ ឯកឧត្ដម តូច ចាន់នី ក៏បានបញ្ជាក់ផងដែរថា សម្រាប់មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត​បានទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស​ដែលចំណាកស្រុកបានចំនួន​១៦,៧៥៧នាក់។ ជាមួយគ្នានេះ ដើម្បីឱ្យមានការអនុវត្តឱ្យជាក់លាក់​ក្រសួងសង្គមកិច្ច​បាន​ដាក់​ចេញនូវវិធានការដោយមានជំនាញសេដ្ឋកិច្ចជាមូលដ្ឋាន ដើម្បីផ្តល់គ្រប់សេវា ប៉ុន្តែអ្នក​ដែលទទួលយកសេវានោះមិនថាទាំងអង្គការវិជ្ជាជីវៈ និងស្ថាប័នរដ្ឋនោះទេ គឺត្រូវតែឆ្លង​កាត់ក្រសួងសង្គមកិច្ច៕

ដោយ ប៊ុនរិទ្ធ