សហរដ្ឋអាមេរិក ផ្តល់ជំនួយបន្ថែមចំនួន១,៥ លានដុល្លារ សម្រាប់ការឆ្លើយតបនឹងជំងឺ កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់មូលនិធិបន្ថែមចំនួ១,៥ លានដុល្លារ សម្រាប់ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ចាប់តាំងពីពេលចាប់ផ្តើម​នៃការផ្ទុះមេរោគរាតត្បាត​នេះ​មក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង៣,៥ លានដុល្លារ ដើម្បី​ទប់ទល់ការរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ ជំនួយ​នេះ ដែលត្រូវ​បានផ្តល់​តាមរយៈ ទីភ្នាក់ងារជំនួយអាម៉េរិក (USAID)កំពុង​ផ្តល់​ការ​គាំ​ទ្រ​ដល់​ការ​សង្គ្រោះ​ជីវិតមនុស្ស ដោយធ្វើការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូមនុស្សធម៌​អន្តរជាតិ និង​អ្នក​ពាក់ព័ន្ធក្នុងស្រុកដទៃទៀត កាលពីសប្ដាហ៍កន្លងទៅនេះ។ នេះបើយោងតាមសេចក្ដីប្រកាស​ព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា​​  ការផ្ដល់ជំនួយនេះ គឺក្នុងការជួយដល់ការឆ្លើយតប​របស់ប្រទេសកម្ពុជា​ចំពោះជំងឺកូវីដ-១៩ បន្តកិច្ចសហប្រតិបត្តិការ​ និងភាព​ជាដៃគូដ៏យូរអង្វែងរបស់យើង​លើផ្នែកសុខាភិបាល ជាមួយ​ប្រទេសកម្ពុជា។ ឯកឧត្ដមបានបញ្ជាក់ថា ការយកឈ្នះបានលើមេរោគកូវីដ-១៩ គឺជាបញ្ហា​ប្រឈមជាសកល​មួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាល​នៃជំងឺ​នេះ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានថ្លែងថា “ជំនួយ​របស់​យើង​នឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា នៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ ហើយការ​ពារកុំ​ឱ្យមានឆ្លងជំងឺកូវីដ-១៩ថែមទៀត”។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតបន្ដថា រាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាល​​សហរដ្ឋ​អាមេរិក​ មាន​ប្រវត្តិដ៏យូរក្នុងការធ្វើការរួមគ្នា ជា​ដៃគូប្រកប​ដោយ​ផលិតភាព​ និង​ប្រសិទ្ធភាព​ ក្នុងការ​ពង្រឹង​នូវ​ប្រព័ន្ធ​សុខាភិ​បាល​ ដោះស្រាយ​នូវ​ជំងឺ​ឆ្លងផ្សេងៗ និង​លើក​ក​ម្ពស់​សមិទ្ធផល​សុខាភិ បាល​ សម្រាប់​ប្រជា​ជន​កម្ពុជា​ នៅ​ក្នុង​តំបន់ និង​លើ​ពិភព​លោក។ ទន្ទឹមនេះ តាមរយៈ​​ភាព​ជាដៃគូដែលកំពុងមានរវាងប្រទេសទាំងពីរមកនេះ ក្នុងការ​សម្របសម្រួល​ជាមួយរាជ​រដ្ឋាភិ បាលកម្ពុជា ដៃគូសប្បុរសធម៌អន្តរជាតិ​ និង​អ្នក​ពាក់ព័ន្ធ​ក្នុងស្រុក​ រដ្ឋាភិបាលសហរដ្ឋ​អាមេរិក ជួយដល់ការគ្រប់គ្រងលើករណីជំងឺ ដើម្បីពង្រឹងការថែទាំអ្នកជំងឺ ហើយកាត់បន្ថយ​ហា​និភ័យ​​នៃការចម្លងទៅអ្នកដទៃ ការគ្រប់គ្រង និងការការពារកុំឱ្យមានការឆ្លង ដើម្បីការពារ និងគ្រប់ គ្រងការឆ្លង នៅតាមកន្លែងថែទាំសុខភាព។ លើសពីនេះទៀត ការពង្រឹងផ្នែកមន្ទីរ​ពិសោធន៍ ដើម្បីត្រៀមរៀបចំសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានបន្ថែមថា ការត្រួតពិនិត្យ សុខភាពសាធារណៈនៅតាម​ច្រក​ចេញ-ចូល ដើម្បីជួយកម្ពុជាក្នុងការអនុវត្តផែនការសម្រាប់ គ្រាអាសន្ន ក្នុងការត្រួតពិនិត្យ​មនុស្ស​មកដល់ នៅតាមច្រកផ្សេងៗ​នៃប្រទេស ដូចជាព្រលានយន្ត​ហោះ និងច្រកព្រំដែន​គោក។ ក្រៅពីនេះ ការធ្វើការទាក់ទងគ្នា​នឹងការផ្ញើសារដល់សាធារណជន ដើម្បីជួយអប់រំ​ប្រ​ជា​ជនអំពីវិធី​ដែលគេអាចធ្វើតាម ដើម្បីការពារ និងឆ្លើយតបនឹងការរាលដាល​នៃមេរោគ​នេះ។

ឯកឧត្ដមបានចាត់ទុកថា ការធ្វើការអង្កេត និងការឆ្លើយតប​ឆាប់រហ័ស ដើម្បីពង្រីកការ​ស្វែងរកឃើញករណី ព្រមទាំងការផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រ​សម្រាប់ក្រុមឆ្លើយ​តប​រហ័ស ក្នុងការស៊ើប​អង្កេត​ករណីជំងឺ ហើយធ្វើការតាមរកអ្នកប៉ះពាល់។ នៅក្នុង​ប្រទេសកម្ពុជា ស្ថានទូត​អាម៉េរិក ផ្តល់​ជំនួយផ្នែកសុខាភិបាលតាមរយៈ ក្រុមអន្តរទីភ្នាក់ងារ ដែលរួម​មានទី​ភ្នាក់ងារផ្តល់​ជំនួយ​អាម៉េរិក (USAID) មជ្ឈមណ្ឌលគ្រប់គ្រងនិង​បង្ការជំងឺ (USCDC)  វិទ្យាស្ថាន​ជាតិ​សុខភាព (NIH) អង្គភាពស្រាវជ្រាវសុខាភិបាលនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ​(NAMRU-2) ក្រសួង ការ​បរទេស​អាម៉េរិក​ និងអង្គការដទៃទៀត។ ជំនួយអាម៉េរិក លើផ្នែក​សុខាភិ​បាលក្នុង​ប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង លើក​កម្ពស់សុខ ភាពមាតានិងទារក ហើយពង្រឹងប្រព័ន្ធសុខាភិបាលជារួម។

សូមបញ្ជាក់ផងដែរថា អស់រយៈពេលរាប់ទសវត្សរ៍​មកហើយ ដែលសហរដ្ឋអាមេរិកគឺ​ជាអ្នកផ្តល់ជំនួយទ្វេភាគី ក្នុង​វិស័យ​សុខភាពសាធារណៈ ធំជាងគេ នៅក្នុងពិភពលោក។ ជំងឺឆ្លង គំរាមកំហែង​នៅកន្លែង​ណាមួយហើយ អាចគំរាមកំហែងដល់​គ្រប់កន្លែងទាំងអស់។ សហរដ្ឋអាមេរិក សូមអំពាវនាវ​ដល់ម្ចាស់ជំនួយ​ទាំង​អស់ឱ្យចូលរួម និង​រួមចំណែកដល់ការ​ខិត​ខំជាសកល ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ-១៩៕

ដោយ រិទ្ធី