រថភ្លើងដឹកទំនិញចិន -អឺរ៉ុប ជាមួយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ បានទៅដល់ទីក្រុងប៊ុយដាប៉េស្តប្រទេសហុងគ្រី  

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — រថភ្លើងដឹកទំនិញចិន – អឺរ៉ុបមួយបានទៅដល់ទីក្រុងប៊ុយដាប៉េស្ត កាលពីថ្ងៃចន្ទ  ជាមួយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ​ ដែលត្រូវការបំផុតសម្រាប់ប្រទេសហុងគ្រី ។

ដោយចេញដំណើរពីជីណាន ធានីខេត្តសានទុង របស់ប្រទេសចិន កាលពីថ្ងៃទី ៧ ខែមេសានោះ រថភ្លើងដឹកទំនិញបានប្រគល់ ម៉ាស់ , ស្រោមដៃ និងគ្រឿងសម្ភារ ការពារដទៃទៀតទៅឱ្យប្រទេសហុងគ្រី  ដើម្បីជួយប្រយុទ្ធ នឹង COVID -19       ។

លោក Laszlo Mosoczi  រដ្ឋលេខាធិការ សម្រាប់នយោបាយដឹកជញ្ជូននៅឯក្រសួង បញ្ជូលរបៀបថ្មី និងបច្ចេកវិទ្យាហុងគ្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បន្ថែមទៅនឹងស្ពានអាកាស ដែលបានដំណើរការជាច្រើនសប្តាហ៍មកហើយនោះការភ្ជាប់គ្នារវាងចិន និងហុងគ្រី ក៏ត្រូវបានគេស្តារឡើងវិញផងដែរនៅលើដី  ។

លោក Mosoczi  បានគូសបញ្ជាក់ថា ធ្វើជាប្រទេសឆ្លងកាត់មួយនោះ ហុងគ្រីនឹងទទួលបានផលកម្រៃពីចរាចរដឹកទំនិញពីអាស៊ីទៅអឺរ៉ុបផងដែរ ហើយហុងគ្រីអាចក្លាយជាមជ្ឈមណ្ឌលភស្តុភាររបស់តំបន់នេះ  ។

លោកបាននិយាយបន្ថែមថា អ្នកដើរតួទាំងអស់ក្នុងការដឹកជញ្ជូនទំនិញដែលរួមមានទាំងទំនិញដឹកតាមរថភ្លើងផង គឺជាគំរូនៅក្នុងស្ថានភាព​គ្រាអាសន្នបច្ចុប្បន្ន ។

តាមតួលេខផ្លូវការឱ្យដឹថា ចំនួនករណីវីរុសកូរ៉ូណា ដែលបានបញ្ជាក់អះអាងនៅក្នុងប្រទេសហុងគ្រី មាន ២.៥៨៣ នាក់កាលពីថ្ងៃចន្ទ ដោយ មាន៤៩៨ នាក់បានជាសះស្បើយ និង ២៨០នាក់ស្លាប់  ៕

(ប្រភព ស៊ីនហួ  បកប្រែដោយលោក ប៉ិនមឿន )