សហព័ន្ធកីឡាអត្តពលកម្មរក្សាការចូលរួមប្រកួតអន្តរជាតិចំនួន៤

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — ដោយសារការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩ បានធ្វើឱ្យសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ ក៏ដូចជាអាស៊ី និងអាស៊ានបានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិធំៗចំនួន៤ ។ ប៉ុន្តែកម្ពុជានៅតែរក្សាការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួននេះឡើងវិញ ប្រសិនអន្តរជាតិប្រកាសបើកឱ្យដំណើរការឡើងវិញនាពេលខាងមុខ ។

លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ តាមសារអេឡិចត្រូនិចថា សហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ, អាស៊ី និងអាស៊ាន បានសម្រេចផ្អាកបណ្តោះអាសន្ននៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអត្តពល កម្ម កម្រិតពិភពលោក អាស៊ី និងអាស៊ានចំនួន៤នៅឆ្នាំ២០២០នេះ។ ការផ្អាកនេះធ្វើឡើងបន្ទាប់ពីប្រទេសចិន ថៃ និងប្រទេសឥណ្ឌូណេស៊ី ដែលត្រៀមធ្វើជាម្ចាស់ផ្ទះកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី។ ព្រឹត្តិការណ៍អន្តរជាតិធំៗទាំងនេះរួមមាន៖ ការប្រកួតជើងឯកពិភពលោកក្នុងសាល ឬ World Athletics Indoor Championship, Asian Athletics Championship នៅចិន,  ASEAN  Youth Athletics Championship នៅប្រទេសថៃ និង SEA Youth Athletics  Championship នៅប្រទេសឥណ្ឌូណេស៊ី។

សូមបញ្ជាក់ថា ការប្រកួតនេះដែរ កម្ពុជាគ្រោងបញ្ជូនកីឡាករជម្រើសជាតិ និងអត្តពលិកថ្នាលចំនួន ៨រូបឱ្យចូលរួម ដោយពួកគេទាំងអស់សុទ្ធសឹងជាកីឡាករមានសមត្ថភាពខ្ពស់ ដែលបានឆ្លងកាត់ការប្រកួតប្រជែងជាមួយកីឡាករមានសមត្ថភាពជាច្រើនរូប។ ប៉ុន្តែទោះជាយ៉ាងណាគម្រោងនៃការចូលរួមប្រកួតនេះនៅតែរក្សាដដែល បើសិនប្រទេសម្ចាស់ផ្ទះទាំងនោះរៀបចំឡើងវិញ នៅពេលស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ៕

ដោយហេង ណាលីន