ប្រធានសហព័ន្ធហែលទឹកអំពាវនាវឱ្យយុវជនហាត់ហែលទឹកដោយឥតគិតថ្លៃ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា​ឆ្នាំ២០២០ — ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋ មន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានអំពាវនាវឱ្យយុវជន សិស្សានុស្សិត និស្សិត ដែលមានបំណងចង់ចូលរួមហ្វឹកហាត់កីឡាហែលទឹក គឺសហព័ន្ធស្វាគមន៍ជានិច្ចដោយហាត់ហែលទឹកយឥគិតថ្លៃ ដើម្បីបង្កើនទាំងបរិមាណ និងគុណភាព ឆ្ពោះទៅរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

នេះជាការអំពាវនាវថ្មីមួយទៀត កាលពីសប្តាហ៍មុន របស់ឯកឧត្តមទេសរដ្ឋមន្ត្រីស្របពេលដែលសហព័ន្ធមួយនេះកំពុងបន្តការសាងសង់ ជួសជុលស្ថាបនាអាងហែលទឹកជាបន្តបន្ទាប់។ ឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសថា យុវជនដែលចង់ហ្វឹកហាត់កីឡាហែលទឹក គឺមិនមានបង់ប្រាក់នោះទេ ដោយការអំពាវនាវនេះ គឺដើម្បីបង្កើនធនធានកីឡាករ កីឡាការិនីហែលទឹកឱ្យកាន់តែសម្បូរបែប នៅទូទាំងប្រទេស ជាពិសេសនៅខេត្តដែលមានអាងហែលទឹកស្តង់ដារអន្តរជាតិស្រាប់។ បច្ចុប្បន្នសហព័ន្ធខ្មែកីឡាហែលទឹកមានអាងហែលទឹក នៅតាមបណ្តាខេត្ត និងរាជធានី ដោយយុវជនអាចចូលរួមហ្វឹកហាត់បានដូចជានៅមណ្ឌលហែលទឹកពហុកីឡដ្ឋានជាតិមរតកតេជោ, អាងហែលទឹកតេជោសែនកំពង់ចាម, អាងហែលទឹកស្រុកកោះធំ ខេត្តកណ្តាល (ពាក់កណ្តាលស្តង់ដារអន្តររជាតិ) និងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែល  ទើ បនឹងស្ថាបនាឡើងវិញស្របតាមស្តង់ដារអន្តរជាតិ ដោយចំណាយថវិកាអស់ជិត៣លានដុល្លារអាម៉េរិក និងអាងហែលទឹកខេត្តបាត់ដំបងដែលកំពុងដំណើរការសាងសង់ ។

ក្រៅពីអាងហែលទឹលទាំងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីសង្ឃឹមថា ពេលខាងមុខសហព័ន្ធនឹងសាងសង់អាងហែលទឹកបន្ថែមនៅខេត្តផ្សេងៗទៀត ដើម្បីឱ្យមានភាពសម្បូរធនធានកីឡាករ កីឡាការិនីថ្មីៗកាន់តែច្រើន ក្នុងទិសទៅបង្កើនការអភិវឌ្ឍឱ្យកាន់តែប្រសើរ ដើម្បីទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផង ក៏ដូចជាគោលដៅតទៅថ្ងៃអនាគតផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បន្ថែមថា សូមឱ្យយុវជន និងសិស្ស-និស្សិតចូលរួមហ្វឹកហាត់ជាមួយសហព័ន្ធ ដោយឥតគិតថ្លៃ ដើម្បីក្លាយខ្លួនជាកីឡាករ កីឡាការិនីជម្រើសជាតិ និងអាចទៅប្រកួតដណ្តើមមេដាយលើឆាកអន្តរជាតិជួនជាតិមាតុភូមិ នាថ្ងៃអនាគត៕

ដោយហេង ណាលីន