សមាជិកព្រឹទ្ធសភាភូមិភាគទី៨ ជួបសំណេះសំណាល និង នាំយកសម្ភារមួយចំនួនផ្តល់ជូនបប្រជាពលរដ្ឋក្រីក្រនៅស្រុកកោះញែក 

AKP មណ្ឌលគិរី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ បានជួបសំណេះសំណាល និងនាំយកសម្ភារមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥៣គ្រួសារ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩ កំពុងរាត ត្បាត ។ ក្នុងពិធីនោះក៏មានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ស្រុក និង អាជ្ញាធរមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅ ភូមិក្លង់ឡែ ក្នុងឃុំសុខសាន្ត ស្រុកកោះញែក នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តម ណយ ស្រូន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដែលជានិច្ចកាលតែងតែគិតគូរពី​សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម បានបញ្ជាក់ថា ដោយស្ថានភាពបច្ចុប្បន្ននេះជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដូច្នេះក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យ ដោយត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាសក្នុងទីប្រជុំជន។ ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ។

នាឱកាសនោះ ឯកឧត្តម ណយ ស្រូន ក៏បានផ្តល់អំណោយ រួមទាំងសម្ភារការពារការឆ្លងមេរោគកូវីដ-១៩ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំសុខសាន្តចំនួន ៥៣គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ ក្រមា សាប៊ូ និង ម៉ាសការពារផងដែរ ៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)