សាលាគណខេត្តព្រះសីហនុ នាំយកអង្ករ  និងថវិកា មកឧបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីយុទ្ធនាកាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — នារសៀលថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុអញ្ជើញទទួល អំណោយអង្ករចំនួន៥តោន និងថវិកាចំនួន២លានរៀល ពីសាលាគណខេត្តព្រះសីហនុ  និងពុទ្ធបរិស័ទក្នុងខេត្ត។

តាមសង្ឃដិកាគណៈមេគណខេត្តព្រះសីហនុ បានឱ្យដឹងថា អង្ករ  និងថវិកាទាំងនេះ គឺជាការចូលរួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជាមួយ រដ្ឋបាលខេត្តព្រះសីហនុប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 នៅខេត្តព្រះសីហនុ។ សាលាគណខេត្តព្រះសីហនុ ក៏បានប្រគេនអង្ករតាមវត្តទាំង៣៩ ក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួល បានអង្ករ ៥បាវផងដែរ ដើម្បីជួយសម្រួលការខ្វះខាតរបស់ព្រះសង្ឃ នៅតាមវត្តនានា ដែល ព្រះសង្ឃមិនអាចចេញទៅបិណ្ឌបាតបាននៅតាមទីសាធារណៈដោយ សារតែជំងឺ Covid-19។

លោក ម៉ាង ស៊ីណេត អភិបាល រងខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណសាលាគណខេត្តព្រះសីហនុ និងព្រះសង្ឃគ្រប់អង្គ ក៏ដូចជាពុទ្ធបរិស័ទ ដែលបាននាំយកអំណោយ មកឧបត្ថមដល់រដ្ឋបាលខេត្តព្រះសីហនុនាពេលនេះ ដើម្បីចូល រួមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ វិស័យពុទ្ធចក្រ ក៏បានចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលកម្ពុជា ពិសេសនៅក្នុងខេត្តព្រះសីហនុ មានសប្បុរសជន ព្រះសង្ឃតែងតែ ចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពនានាក្នុងខេត្តព្រះសីហនុ ហើយអំណោយ និងសម្ភារៈត្រូវ បានរដ្ឋបាលខេត្តធ្វើការបែងចែកទៅដល់គោលដៅមានដូចជា មន្ទីរសុខាភិបាល អាជ្ញាធរ ពាក់ព័ន្ធនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅខេត្តព្រះសីហនុរបស់យើង៕

ដោយ ងូ សុមុនី