រដ្ឋមន្រ្ដីក្រសួងផែនការ៖ រាជរដ្ឋាភិបាលកំពុងពិនិត្យ និងជួយអន្ដរាគមន៍​ឧបត្ថម្ភជា​សាច់​ប្រាក់ជូនគ្រួសារក្រីក្រ ​ ដែលរងផលប៉ះពាល់​ដោយ​សារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យ និងផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ របស់​ក្រសួងផែនការ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងប៉ះពាល់ខ្លាំងជាងគេ ក្នុងការ​ជួយ ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌រួចហើយ។ ការលើក​ឡើងរបស់​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នេះក្នុងកិច្ចប្រជុំ​បន្ទាន់មួយតាមរយៈវីដេអូ Conference ជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន​ផែនការ មន្ទីរផែនការទាំង២៥ រាជធានី ខេត្ត ក្រុង ដើម្បីរៀបចំផែនការអន្តរាគមន៍បន្ទាន់ លើ​ការ​ត្រៀមអនុវត្តន៍អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ កិច្ចប្រជុំនេះធ្វើឡើង​ក្នុងគោល​បំណង​ជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់ដោយសារការរីករាល​ដាល​ជំងឺ​កូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលបានអវត្តមានតាមជុំនៃការប្រមូល​ទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូល​ធ្លាក់ខ្លួនក្រីក្រដោយ​ជំងឺកូវីដ-១៩។ នេះបើយោងតាមក្រសួងផែនការ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ដាក់ចេញនូវវិធានការ​បន្ទាន់​មួយចំនួនដល់គ្រប់មន្ទីរផែនការ អង្គភាពជំនាញទាំងអស់ ត្រូវរៀបចំរៀបចំធ្វើបច្ចុប្បន្នភាព​ទិន្នន័យ គ្រួសារក្រីក្រនៅ តំបន់ជនបទឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្ត​សញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និងត្រូវមានការពិគ្រោះ​យោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញនូវ គ្រួសារណាដែលមានជីវភាព​លេច​ធ្លោ។ ជាមួយគ្នានេះ គ្រប់មន្ទីរ​ផែនការទាំង២៥រាជធានី ខេត្ត ក្រុង ទាំងអស់ ត្រូវត្រៀមមន្រ្តី​ដែលមានសមត្ថភាព និងលះបង់​ពេលវេលាសម្រាប់​ធ្វើជា​គ្រូបង្គោល និងទទួលខុសត្រូវនៅ​តាម​ស្រុក និងឃុំ សង្កាត់ ដើម្បី​ដោះ​ស្រាយ​បញ្ហានានា​ដែលកើតឡើងនៅពេល អនុវត្តន៍ការងារ។ ឯកឧត្ដមបានបន្ដថា ដោយ​សារការសម្ភាសន៍ តាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំប្រើប្រាស់តាប្លេត នៅតាមមន្ទីរផែន​ការ​រាជធានី-ខេត្ត ត្រូវជ្រើសរើសអ្នកមានជំនាញ IT ០១ឬ ០២នាក់ ដើម្បីដោះ​ស្រាយ​បញ្ហា​បច្ចេកទេសនៅពេលតាប្លេតមានបញ្ហា។ ទន្ទឹមនេះ ត្រូវមានកម្មវិធីការងារ និង​បែង​ចែកការ​ទទួល​ខុសត្រូវច្បាស់លាស់ ចុះតាមដានជាប្រចាំ និងណែនាំដល់មន្រ្តីរបស់ខ្លួន និងឃុំ សង្កាត់ ដូចជា ចុះពិនិត្យមើលការដាក់សំណើសម្ភាសន៍ និងការជ្រើសរើសមុខ​សញ្ញា​ដែល​​ត្រូវ​សម្ភាសន៍ឱ្យបានច្បាស់លាស់។ ឯកឧត្ដមក៏បានជំរុញឱ្យ​ពិនិត្យឱ្យបានច្បាស់លាស់​នូវ​ទិន្ន​ន័យជនងាយរងគ្រោះ ផ្ទុកមេរោគអេដស៍ ពិការភាព ចាស់ជរា និង កុមារ ជាពិសេសទិន្ន​ន័យ​ក្រុមអាយុ នៅពេលធ្វើសម្ភាសន៍។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានមានប្រសាសន៍បន្ថែមថា នាយកដ្ឋានអត្តសញ្ញាណ កម្ម​គ្រួសារក្រីក្រនៃអគ្គនាយកដ្ឋានផែនការ នឹងរៀបចំវគ្គបណ្តុះបណ្តាល នីតិវិធីកំណត់អត្ត​សញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ ជូន​ដល់​គ្រប់បណ្តាមន្ទីរផែនការ រាជធានី ខេត្ត ក្រុងទាំងអស់ ក្នុងពេលឆាប់ៗនេះ តាមការ​សម្រេចរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានអះអាងថា ផ្តើមចេញពីបញ្ហានេះ និង ដើម្បីទទួលបានទិន្ន​ន័យសម្រាប់ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ គឺកិច្ចប្រជុំក្រុមការងារចំពោះកិច្ច រៀបចំ​គោលនយោបាយថវិកា ហិរញ្ញកិច្ច និងរៀបចំ និងគ្រប់គ្រងយន្តការជំនួយ​សង្គមក្នុងអំឡុង​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានសម្រេចប្រគល់ភារកិច្ចឱ្យ​ក្រសួងចំនួនពីរ គឺក្រសួងផែនការត្រូវរៀបចំក្របខ័ណ្ឌ និងយន្តការកំណត់អត្តសញ្ញាណ​កម្ម​គ្រួសារក្រីក្រតាមការស្នើសុំដើម្បីបំពេញបន្ថែមទិន្នន័យ ដូចជា គ្រួសារក្រីក្រដែលមិនទាន់បាន​ធ្វើ​ការ​កំណត់អត្តសញ្ញាណជាគ្រួសារក្រីក្រ គ្រួសារ ខ្លះទៀតដែលរងផលប៉ះពាល់ដោយ​សារ​ជំងឺ​កូវី​​ដ-១៩ ហើយធ្លាក់ចូលក្នុងភាពក្រីក្រ និងត្រូវកែសម្រួល ទិន្នន័យគ្រួសារក្រីក្រដែល​មានស្រាប់(ដូចជាដកចេញគ្រួសារដែលមានជីវភាពលេចធ្លោខ្លាំង គ្រួសារដែលមានសមាជិក ស្លាប់​អស់។ល។) ចំណែកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនី​តិសម្បទា ត្រូវរៀបចំយន្ត​ការ​កំណត់ក្រុមគោលដៅ គណនាចំនួនថវិកាដែលត្រូវផ្តល់ជូន និងរៀបចំយន្តការសម្រាប់​បើកប្រាក់។ល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីបានកោតសសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃអង្គភាពជំនាញដែលទទួលបន្ទុកលើការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងមន្ទីរ​ផែនការទាំង២៥ រាជធានី ខេត្ត ក្រុង ដោយមានជំនឿជឿជាក់លើលទ្ធផល​គ្រួសារក្រីក្រ​ដែល​ទទួលបានពីការប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ​ក្នុង​អំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ មានភាពច្បាស់លាស់ និងពិតប្រាកដ សម្រាប់ការ​ឧបត្ថម្ភ​ជាសាច់ប្រាក់ជូនគ្រួសារក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ៕

ដោយ រិទ្ធី