សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូនពលករបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដែល​យោគ​យល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអរគុណ​ចំពោះ​បងប្អូន កូន ក្មួយ ពលករជាង២០០នាក់ ដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដោយផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗក្នុងពេលដែល​ប្រទេស​កំពុង​ដាក់បម្រាមតឹងរ៉ឹងក្នុងការធ្វើដំណើរ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានសរសេរថា អរគុណកូន ក្មួយនៅម៉ាឡេស៊ីដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩​នៅកម្ពុជា ហើយមកទល់ថ្ងៃនេះ កម្ពុជានិងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំង​នឹងជំងឺ​ឆ្លង​កូវីដ-១៩។ សម្ដេចតេជោបានបញ្ជាក់ថា មកទល់ពេលនេះ ពិភពលោកក៏មិនទាន់រក​ឃើញ​ថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។ សម្ដេចតេជោបន្ដថា រាជរដ្ឋាភិ​បាល​កម្ពុជា សូមអរគុណកូន ក្មួយពលករជាង២០០នាក់ ដែលក្នុងនោះក៏មានកូន​ក្មួយអ្នក​ទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិល​ត្រឡប់មកកម្ពុជាកាលពី​ពេលថ្មីៗនេះ ក្នុងពេលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរ៉ឹងក្នុងការធ្វើដំណើរ។ ប៉ុន្តែនៅ​ពេលនេះបម្រាមការធ្វើដំណើរក្នុងប្រទេស ក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបាន​សម្រេច​ឱ្យកូនក្មួយពលករខ្មែរជាង២០០នាក់ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ទន្ទឹម​នេះ សម្ដេចតេជោក៏សូមឱ្យកូន ក្មួយទុកពេលវេលាឱ្យខាងអាជ្ញាធរម៉ាឡេស៊ី គេធ្វើ​តេស្តសុខ​ភាព​សិន ដើម្បីបញ្ជាក់ថាកូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩។

សម្ដេចតេជោបានបន្ថែមថា  យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅ​ប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះ​ជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។ សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយ​គ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុង​ពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើកូន ក្មួយណា គឺត្រូវនៅសម្រាក​ព្យាបាលនៅទីនោះសិន រហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។ សម្ដេច​តេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា ចំពោះកូន​ក្មួយដែលនឹងមកដល់​កម្ពុជា​វិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ(រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ៕

ដោយ ជឹម ណារី