ខេត្តសៀមរាប នៅតែអាចទាក់ទាញបានការវិនិយោគពីក្រុមហ៊ុនឯកជន បើទោះបីមានបញ្ហា​ប្រឈម​នឹងជំងឺកូវីដ ១៩

AKP សៀមរាប ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ខេត្តសៀមរាប នៅតែអាចទាក់ទាញបានការវិនិយោគពីក្រុមហ៊ុនឯកជន បើទោះ​អំឡុង​ពេល​នេះ កម្ពុជា និងពិភពលោកទាំងមូលកំពុងជួបប្រទះ​នឹងបញ្ហាប្រឈម​នៃការរីក​រាលដាល នៃ​ជំងឺកូវីដ១៩។

​ដោយក្នុងនោះយើងឃើញថា ក្រុមហ៊ុនរថយន្តហ៊ីយ៉ាន់ដាយខេមកូម៉ូធ័រ បានពង្រីក​វិសាលភាព​លក់​រថយន្តរបស់ខ្លួនបន្ថែម​នៅលើទឹកដី​អង្គរ​​ខេត្តសៀមរាប ដោយដំឡើង​ការិយាល័យ​លក់​​រថយន្តដល់អតិថិជន​ផ្ទាល់ក្នុង​ខេត្ត ដើម្បីបំពេញ​និង​សម្រួល​ដល់តម្រូវ​ការរបស់​អតិថិជន និងភ្ញៀវទេសចរ។

កាលពីសប្ដាហ៍មុន ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ បានប្រកាសបើកដំណើរ ការសាកល្បងអាគារតាំងលក់រថយន្តរបស់ខ្លួនដែលរួមបញ្ចូលផ្នែកសេវាកម្ម និងការផ្តត់ផ្គង់ គ្រឿងបន្លាស់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្ល​ក្រាម ក្រុងសៀមរាប​។

តាមរយៈ អាគារថ្មីសន្លាងនេះបង្ហាញឱ្យឃើញពីវិសាលភាព និងភាពរីកចម្រើនរបស់ ក្រុមហ៊ុន​នៅ​ក្នុងប្រទេសកម្ពុជាក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ​ដោយមានការគាំទ្រពី សំណាក់​អតិថិជន។ ដោយសារការមើលឃើញ ពីតម្រូវការ និងសក្តានុពលនៅក្នុង ខេត្តសៀមរាមនេះ បានធ្វើឱ្យក្រុមហ៊ុននេះសម្រេច​ពង្រីកទីតាំង របស់ខ្លូន មកដល់ទីនេះ និងដើម្បីងាយស្រួល​ក្នុងការ​បំពេញ​​តម្រូវការទៅដល់អតិថិជន។

លោក​ Brian Ko នាយកប្រតិបត្តិក្រុមហ៊ុនហ៊ីយ៉ានដាយ ខេមកូ បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមសោមនស្សរីករាយដែលបានបើកដំណើរការអាគារតាំងលក់មួយកន្លែងទៀតនៅក្នុងខេត្តសៀមរាបសម្រាប់អតិថិជន និងដៃគូរសហការណ៏របស់យើង។ យើង ជឿជាក់ ការដាក់ដំណើរការនេះជាផ្នែកមួយក្នុងការជំរុញផ្នែកទេសចរណ៍ និងវិស័យឯកជន មួយចំនួន។

ហ៊ីយ៉ាន់ដាយ បានផ្តល់សេវាកម្មរបស់ខ្លួនអស់រយៈពេល១០ឆ្នាំកន្លងមកហើយ។​ យើង មានមោទនភាពខ្លាំងបំផុត ដែលបានពង្រីកការចែកចាយរបស់យើងមកដល់ខេត្តសៀមរាប នេះ។ យើងនឹងបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាព និងសេវាកម្ម ដល់អតិថិជន ជាពិសេសធ្វើឱ្យគ្រួសារហ៊ីយ៉ាន់ដាយមាន សមាជិកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។

គួរកត់សម្គាល់ថា អស់រយៈពេល១០ឆ្នាំនៃការលូតលាស់ និងអភិវឌ្ឍន៍ របស់ហ៊ីយ៉ាន់ ដាយ ខេមកូ ម៉ូធ័រ នៅក្នុងប្រទេសកម្ពុជា​ ហ៊ីយ៉ាន់ដាយបានធ្វើការប្រឹងប្រែង ដើម្បីកសាងទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយប្រជាជន កម្ពុជាទាំងមូល៕

ដោយ ម៉ៅ ចរិយា