អ្នកនាំពាក្យក្រសួងការងារ​អះអាងថា​ ការសម្រេចបញ្ឈប់កម្មករ ជាសិទ្ធិសម្រេចរបស់ និយោជក បន្ទាប់ពីពួកគេបានបំពានបំរាមសុខាភិបាលករណីជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម​ ហេង​ សួរ​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា ជីវៈ​បានអះអាងថា​ ករណីមានការបញ្ឈប់កម្មករ​ និយោជិតដែលត្រឡប់ពីឈប់សម្រាក​ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំខ្មែរ​ ដែលផ្ទុយទៅនឹងបទបញ្ជារបស់ក្រសួងសុខាភិបាលក្នុងការបង្ការ​ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជានេះ​ គឺជាសិទ្ធិពេញទីរបស់និយោជក ឬម្ចាស់​រោងចក្រក៏ដូចជានៅក្នុងច្បាប់ការងារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០២០​ នៅទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ឯកឧត្តម​ ហេង​ សួរ​ បានគូសបញ្ជាក់ថា​ បើទោះបីជាយ៉ាងនេះ​ក្តីក៏ក្រសួង​មិនបានមិនអើពើរចំពោះបញ្ហានេះដែរ​ ដោយក្រសួងបានឱ្យ​អធិការកិច្ចការងារជជែកបញ្ហានេះ​ ជាមួយភាគីរោងចក្របន្ទាប់ពីមានការស្នើសុំពីសំណាក់កម្មករ និយោជិត ដែលត្រូវបានបញ្ឈប់​នោះ។ ការលើកឡើងរបស់អ្នកនាំពាក្យបែបនេះ​ គឺធ្វើឡើងបន្ទាប់ពីមានកម្មករ និយោជិត​មួយចំនួនត្រូវបាននិយោជក ឬម្ចាស់រោងចក្រ បណ្តេញចេញពីការងារដោយសារតែពួកគេ​បានបំពានបំរាមរបស់ក្រសួងក៏ដូចជាឈប់ដោយមិនមានការអនុញ្ញាតពីខាងនិយោជកក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩។

ឯកឧត្ដមបានលើកឡើងថា ​ កម្មករជាង៩០ភាគរយ​បានគោរពទៅតាមការណែនាំ​របស់​ក្រសួងជុំវិញការមិនអនុញ្ញាតឱ្យឈប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ​ខ្មែរ ដោយពួកគេនៅ​តែ​បន្តធ្វើការដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ ដោយឡែកមានកម្មករ និយោ​ជិតមួយចំនួនតូចបែរជាបំពានទៅនឹងការណែនាំរបស់ក្រសួងដោយបំពានបំរាមសុខាភិបាលដែលបង្កការលំបាកចំពោះខ្លួនក៏ដូចជារាជរដ្ឋាភិបាលផងដែរ៕

ដោយ ចាន់ សុធីវង្ស