អភិបាលរងរាជធានីភ្នំពេញ៖ ការដាំដើមឈើអមសងខាងផ្លូវជាតិលេខ៦អា ដើម្បីបង្កើន សម្រស់បៃតង និងបរិស្ថានស្អាត កាត់បន្ថយការប្រែប្រួលអាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ការនាំយកដើមឈើប្រភេទធ្នង់ប្រមាណជិត ១,០០០ដើម មកដាំ អមសងខាងផ្លូវជាតិលេខ៦អា ចាប់ពីរង្វង់មូលព្រហ្មមុខបួន គល់ស្ពាន ជ្រោយចង្វារត្រើយខាង​កើត រហូតដល់វត្តវារិន្ទ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្នុងគោលបំណង ដើម្បី​បង្កើនសម្រស់បៃតង និងលើកកម្ពស់សោភណភាព បរិស្ថានស្អាតក្នុង​រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីដាំដើមឈើអមសងខាងផ្លូវជាតិលេខ៦អា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅមុខវត្តមង្គល​សិរី​កៀនឃ្លាំង លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បាន មានប្រសាសន៍ថា ការដាំដើម​ឈើ​នៅពេលនេះគឺដើម្បីពង្រីកនូវគម្របពណ៌បៃតងនៅក្នុងរាជ ធានីភ្នំពេញ ដែលជាផែនការ​មួយ​នៅក្នុងចំណោមផែនការជាច្រើនដែលក្នុងនោះរួមមាន ទី ក្រុងវ័យឆ្លាតដែលរដ្ឋបាលរាជធានីកំពុងរៀបចំប្លង់មេ(Master Plan) រួមមានការពង្រីកគម្រប ពណ៌បៃតង​នៅក្នុងរាជធានីភ្នំពេញ​ផងដែរ។ លោកអភិបាលរងបានបន្ដថា ការដាំដើមឈើ នៅពេលនេះគឺជាជំហានតូចៗនៅ​ក្នុងជំហានដ៏វែងឆ្ងាយ សម្រាប់អភិវឌ្ឍន៍រាជធានីភ្នំពេញ គម្របបៃតងដែលនឹងធ្វើការពង្រីក​និងចូលរួមលើកកម្ពស់សោភណភាពរាជធានីភ្នំពេញផង ក៏ដូចជាកាត់បន្ថយនូវ​ផលប៉ះពាល់​ពី​ការផ្លាស់​ប្តូអាកាសធាតុផងដែរ។

សូមបញ្ជាក់ថា ដើមឈើប្រភេទធ្នង់ប្រមាណជិតមួយពាន់ដើម ដែលមានអាយុកាល​ចន្លោះចាប់ពី៤ឆ្នាំ ទៅ៦ឆ្នាំដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់និងនេសាទ តាមរយៈរដ្ឋបាលព្រៃឈើ ត្រូវបានដាក់ដាំពង្រាយតាមបណ្តោយផ្លូវ​ជាតិ​លេខ៦អា ចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល៕

ដោយ សួស សំរិត