រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីផ្សព្វផ្សាយ ស្ដីពីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះ ជួយ វិស័យអប់រំខេត្តព្រះសីហនុ និងលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួង អប់រំយុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះជួយវិស័យអប់រំ ខេត្តព្រះសីហនុ អញ្ជើញចូល រួមក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការសិក្សាពីចម្ងាយ និងការសិក្សាតាម ប្រព័ន្ធអេឡិច ត្រូនិក សម្រាប់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា នៅ ខេត្តព្រះសីហនុ ដល់លោកនាយក នាយិការ លោកគ្រូ អ្នកគ្រូ ក្នុងខេត្តព្រះសីហនុ។

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រ សាសន៍ថា ក្រសួងអប់រំ បានធ្វើការផ្អាកបិទសាលាបណ្តោះអាសន្ននៅគ្រប់គ្រឹះស្ថាន សិក្សាទាំងរដ្ឋ និងឯកជន ដោយសារតែជំងឺ Covid-19។ នេះជាឱកាសល្អមួយសម្រាប់ សិស្សានុសិស្សអប់រំពីចម្ងាយឱ្យមានប្រសិទ្ធភាពតាមចរាចរណ៍លេខ២៣ របស់ក្រសួងអប់រំ ដែលបង្កើតកម្មវិធីបង្រៀនតាមបែប (ឌីជីធល)។ ការសិក្សាពីចម្ងាយតាមរយៈអេឡិចត្រូនិក ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំតាមប្រព័ន្ធអនឡាញ ដូច្នេះលោកគ្រូ អ្នកគ្រូ បន្តផ្សព្វផ្សាយការសិក្សាពីចម្ងាយតាមប្រពន្ធអេឡិចត្រូនិកដល់សិស្សានុសិស្ស, ក្រុមការងារ ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ, រក្សាគម្លាត ការជួបជុំគ្នាមិនលើសពី១០នាក់, ជំរុញមាតា បិតាសិស្សបង្រៀនតាមប្រព័ន្ធកម្មវិធី Zoom និងចូលរួមសម្អាតអនាម័យ ថែរក្សា និងបំពេញបន្ថែមបរិស្ថានសាលាឱ្យបានសម្បូបែប ហើយក៏សូមថ្លែងអំណរគុណចំពោះ ការិយាល័យអប់រំក្រុង ស្រុក នាយក នាយិកាសាលាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយក ចិត្តទុកដាក់គោរពនិងអនុវត្តន៍តាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងក្រសួង សុខាភិបាល និងរដ្ឋបាលខេត្តចំពោះការយកចិត្តទុកដាក់ចុះជួយបង្រៀន។

ឯកឧត្តមម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មាន្រសាសន៍ថា ការចាប់ផ្តើមវិស្សម កាលតូច និងការឈប់សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ ប្រភេទ ទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេស។ មន្ទីរអប់រំ ការិយាល័យអប់រំក្រុង ស្រុក គណៈនាយក នាយិកា លោកគ្រូ អ្នកគ្រូយកអស់កម្លាំងកាយ ចិត្តក្នុងការចូល រួមផ្សព្វផ្សាយឱ្យ បានទូលំទូលាយ និងណែនាំដល់គ្រប់អង្គភាពក្រោមឱវាទចូលរួមសហការ និងអនុវត្តន៍ដោយស្មារតីទទួលខុសត្រូវខ្ពស់ លើកទឹកចិត្តដល់មាតា-បិតា អាណាព្យាបាល បង្រៀន និងជំរុញឱ្យកូនចៅធ្វើស្វ័យសិក្សានៅផ្ទះ និងធ្វើអនាម័យជាប្រចាំតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ដើម្បីគ្រប់គ្រងស្ថានភាពនៃការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក E-School  E-Learning ការសិក្សាតាមប្រព័ន្ធ online ដែលក្រសួងអប់រំយុវជន និងកីឡា ពិសេសសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ជាថ្នាក់ត្រៀមប្រឡង ។ ការប្រើប្រព័ន្ធអេឡិចត្រូនិក មិនទាន់ឆ្លើយតបនឹងសម័យបច្ចេកវិជ្ជា ដែលបណ្តាលឱ្យមានការយឺតយ៉ាវក្នុងការ ផ្សព្វផ្សាយបន្ត និងជួយសិស្សឱ្យទាន់ពេលវេលាឆ្លើយតបទៅនឹងសភាការណ៍ជាក់ស្តែង។

ឯកឧត្តមអភិបាលខេត្ត សំណូមពរនាយក នាយិកា គ្រូបច្ចេកទេស និងគ្រូ ទទួលបន្ទុកថ្នាក់ត្រូវជំរុញសិស្សថ្នាក់ទី១២ ចុះឈ្មោះ រៀនតាមប្រព័ន្ធអនឡាញឱ្យបាន គ្រប់គ្នា មកដល់ពេលនេះមានសិស្ស ៨០០នាក់ បានចុះឈ្មោះរៀនតាមប្រព័ន្ធអនឡាញ ហើយការចុះឈ្មោះនេះ លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ជំរុញសិស្សចុះឈ្មោះរៀន តាមប្រព័ន្ធអនឡាញរបស់ក្រសួងអប់រំ ក្នុងម្នាក់ រដ្ឋបាលខេត្តឧបត្ថម្ភថវិកា ២ម៉ឺនរៀល។

ក្នុងឱកាសនោះរដ្ឋបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់សាលាអនុវិទ្យាល័យ និងវិទ្យាល័យក្នុងខេត្តព្រះសីហនុ ទាំង២៧ ក្នុងមួយសាលាទទួលបានថវិកា ១លានរៀល និងមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ថវិកា ៥លានរៀល៕

ដោយ ងូ សុមុនី