អាជ្ញាធររាជធានីភ្នំពេញ ដាំដើមឈើជិត១.០០០ដើម អមសងខាងផ្លូវជាតិលេខ៦A ដើម្បីបង្កើនគម្របពណ៌បៃតង និងបរិស្ថានស្អាតកាត់បន្ថយការប្រែប្រួលអាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ដើមឈើប្រភេទធ្នង់ប្រមាណជិត ១.០០០ដើមត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកមកដាំអមសងខាងផ្លូវជាតិលេខ ៦A ចាប់ពីរង្វង់មូលព្រហ្មមុខបួន រហូតដល់វត្តវារិន្ទ សង្កាត់ព្រែកលៀបស្ថិតក្នុងខណ្ឌជ្រោយចង្វារ ក្នុងគោលបំណង ដើម្បីបង្កើនសម្រស់បៃតង និងលើកកម្ពស់សោភណភាពបរិស្ថានស្អាតក្នុងរាជធានីភ្នំពេញ។

ពិធីដាំដើមឈើធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ នៅមុខវត្តមង្គលសិរីកៀនឃ្លាំង ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូត នៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ការដាំដើមឈើនៅពេលនេះគឺដើម្បីពង្រីកនូវគម្របពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញ ដែលជាផែនការមួយនៅក្នុងចំណោមផែនការជាច្រើនដែលក្នុងនោះរួមមាន ទីក្រុងវ័យឆ្លាតដែលរដ្ឋបាលរាជធានីកំពុងរៀបចំ ប្លង់មេ (Master Plan) រួមមានការពង្រីកគម្របពណ៌បៃតងនៅក្នុងរាជធានីភ្នំពេញផងដែរ។

ឯកឧត្តម នួន ផារ័ត្ន បានបន្តថា ការដាំដើមឈើនៅពេលនេះជាជំហានតូចៗនៅក្នុងជំហានដ៏វែងឆ្ងាយ សម្រាប់អភិវឌ្ឍន៍រាជធានីភ្នំពេញ គម្របបៃតងដែលនឹងធ្វើការពង្រីកនិងចូលរួមលើកស្ទួយសោភណភាពរាជធានីភ្នំពេញផង ក៏ដូចជាកាត់បន្ថយនៅផលប៉ះពាល់ពីការផ្លាស់ប្តូរអាកាសធាតុផងដែរ។

តំណាងឯកអគ្គរដ្ឋទូតនៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជាលោក ម៉ៃឃើល យូបៀល មានប្រសាសន៍ថា ការដាំដើមឈើនៅពេលនេះគឺដើម្បីអបអរខួបលើកទី៧០ នៃទំនាក់ទំនងរវាងកម្ពុជានិងអាម៉េរិក ដែលប្រធានបទនៅក្នុងខែនេះ ទាក់ទងទៅនឹងបញ្ហាបរិស្ថាន។ លោក បានបញ្ជាក់ថា ការដាំដើមឈើនោពេលនេះគឺដើម្បីបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសទាំងពីរកម្ពុជា- អាម៉េរិក។

សូមបញ្ជាក់ថា ដើមឈើប្រភេទធ្នង់ប្រមាណជិត ១.០០០ដើម មានអាយុកាលចន្លោះចាប់ពី៤ឆ្នាំ ទៅ៦ឆ្នាំ ដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈរដ្ឋបាលព្រៃឈើ ត្រូវបានដាក់ដាំពង្រាយតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលជ្រោយចង្វារ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល ៕

ដោយសួស សំរិត