ក្រសួងសុខាភិបាល ៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩កើនដល់១១៩នាក់ កំពុងសម្រាក៣នាក់ និងគ្មានអ្នកឆ្លងថ្មីទេ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩បានកើនដល់១១៩នាក់ ។ ការថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ នៅក្រសួងសុខាភិបាន ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា អ្នកកំពុងសម្រាកព្យបាលនៅក្នុងមន្ទីពេទ្យ មានចំនួន ៣នាក់ ស្ត្រី១នាក់ បុរស់២នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១២២នាក់នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ គ្មានអ្នកឆ្លងថ្មី នៃជំងឺកូវីដ-១៩ នេះទេ។ គិតត្រឹមថ្ងៃដដែលនេះដែរ ក៏បានយកវត្ថុចំនួន ១១១.៥៧៦សំណាក់ មកវិភាគនៅវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា។ ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្តថែទាំសុខភាព មានអនាម័យល្អ ការពារការឆ្លងនៃជំងឺកូវីដ-១៩ ដូចជា ពាក់ម៉ាស់ លាងសម្អាតដៃនឹងសាប៊ូ ជាមួយទឹកស្អាត ឬអាល់កុលឱ្យបានជាប្រចាំគ្រប់ពេលវេលា៕

ដោយ ប៊ុនរិទ្ធ