សម្ដេចតេជោ ហ៊ុន សែន នៅ​តែបន្តអំពាវនាវឱ្យជនរួមជាតិប្រុង​ប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩ គ្រប់ពេលជានិច្ច

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបន្តអំពាវ​​នាវឱ្យជន​រួមជាតិប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច បើទោះបីកម្ពុជា​បានទទួលជំនួយវិជ្ជសាស្រ្តជាច្រើនពីប្រទេសចិន។ ម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ ខែមេសានេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត និងចំនួនអ្នកព្យាបាលបានជាសះស្បើយ​បានកើនឡើងយ៉ាងណាក៏ដោយនោះ។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានសរសេរថា យើងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងកូវីដ-១៩គ្រប់ពេលជានិច្ច។ សូមបងប្អូនប្រជា​ពល​រដ្ឋ ជាពិសេសយុវជន និងកូន ក្មួយកម្មករ កម្មការិនី ត្រូវមានការប្រុងប្រយ័ត្ន​ជាប់ជានិច្ច​ជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើទោះកម្ពុជាយើងបានទទួលជំនួយវិជ្ជ​សាស្រ្ត​ជាច្រើនពីប្រទេសចិនយ៉ាងណាក្តី ហើយម៉្យាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ ខែមេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះ​ស្បើយបានកើនឡើងដល់១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាល​ចំពោះជំងឺកូវីដ-១៩នេះ ដាច់ខាត។ ជាមួយគ្នានេះ ការមើលស្រាលនឹងមិនយកចិត្ត​ទុកដាក់​អំពី​ជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។ សម្ដេចតេជោបានបន្តថា ថ្ងៃចុងសប្តាហ៍ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយ គឺត្រូវពាក់ម៉ាស់ ហើយមានទឹក​អាល់កុល និងជែលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគឱ្យបានស្អាតល្អគ្រប់ពេល ដើម្បី​ចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។ ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនា​ម័យល្អ​ក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី​បង្ការទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ និងក្នុងប្រទេសជាតិយើងទាំងមូល។

គួបញ្ជាក់ដែរថា បើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹង​នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២០នេះថា មិនមានករណីព្យាបាលជាសះស្បើយ និងមិន​មានករណីវិជ្ជមានកូវីដ-១៩ថ្មីនោះទេ ដូច្នេះចំនួនអ្នកព្យាបាលជាសះស្បើយសរុបមានចំនួន​កើនដល់ ១១៧នាក់ អ្នកដែលកំពុងសម្រាកព្យាបាលបានថយចុះមកនៅចំនួន៥នាក់ ក្នុង​ចំណោមអ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងប្រទេសចំនួន ១២២នាក់៕​

ដោយ  ជឹម ណារី