សម្ដេចតេជោ ហ៊ុន សែន៖ ខឿនការពារសុខភាពរបស់ប្រជាជន គឺជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លងកូវីដ-១៩ដ៏កាចសាហាវ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ខឿនការពារសុខភាព​របស់ប្រជាជន គឺជាគោលនយោបាយគន្លឹះក្នុង​សមរភូមិប្រយុទ្ធជាមួយជំងឺឆ្លងកូវីដ-១៩ដ៏កាចសាហាវនេះ។

នៅលើផេកផ្លូវការ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរថា ជនរួមជាតិជា​ទីគោរព ក្នុងវិស័យការពារជាតិ យើងមានខឿនការពារជាតិ​របស់ប្រជាជនដែលផ្សារភ្ជាប់ប្រជាជន​ជាមួយកងកម្លាំង​ប្រដាប់អាវុធ។ ពេលនេះក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ-១៩ យើងពិនិត្យឃើញថាយើងមានខឿន​ការពារសុខភាពសាធារណៈរបស់ប្រជាជនសារជាថ្មីម្តងទៀត តាមរយៈការចូលរួមទាំងអស់គ្នាក្នុងការទប់​ស្កាត់ការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។ សម្ដេចតេជោបានបន្តថា សម្រាប់ការចូលរួមពីសប្បុរសជន ដែលនាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែគិតត្រឹមថ្ងៃនេះ ទទួលបាននូវជំនួយចំនួន១៣ ៩៩៨ ៦៩៨ដុល្លារអាម៉រិក។ សម្រាប់វិភាគទានស្មគ្រ័ចិត្ត តាមរយៈការបរិច្ចាគបៀវត្ស គិតត្រឹមម៉ោង១៧ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ម្សិលម៉ិញ មានចំនួន ២២ ០៦១នាក់ ដែលមានទំហំទឹកប្រាក់ ២៨ ៨១៤ ០២៥ ០០០រៀល។

សម្រាប់សកម្មភាពឆ្ពោះទៅជួយប្រជាជននៅមូលដ្ឋាន រាប់ទាំងកម្មករចំណាកស្រុកមកពីថៃ និងកម្មករមួយ​ចំនួនតូចដែលទៅលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ ត្រូវបានក្រសួង ស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ដោះស្រាយបានយ៉ាងល្អ។

សម្រាប់ប្រជាជនម្នាក់ៗសុទ្ធតែបានរួមចំណែកទប់ស្កាត់ជំងឺឆ្លងនេះតាមរយៈ ការធ្វើអានាម័យផ្ទាល់ខ្លួន និងតាម​ក្រុមគ្រួសារតាមការណែនាំពីក្រសួងសុខាភិបាល។ បងប្អូនចំណាកស្រុកមកពីថៃ និងកូនក្មួយកម្មករ កម្មការិនី​ដែលទៅលេងស្រុកក្នុងពេលចូលឆ្នាំ ក៏ត្រូវបានយកចិត្តទុកដាក់ពិនិត្យសុខភាព និងរស់នៅដាច់ដោយ​ឡែក​រយៈពេល១៤ថ្ងៃ ដើម្បីធានាថាមិនមានកូវីដ-១៩មកតាមខ្លួនចម្លងចូលទៅក្រុមគ្រួសារ ឬរោងចក្រ​សហគ្រាស​នោះឡើយ។

សម្ដេចតេជោបានគូសបញ្ជាក់ថា ពិតមែនតែប្រទេសយើងមិនមានមនុស្សស្លាប់ និងមិនមានការឆ្លងថ្មីក្នុង​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ និងបានព្យាបាលបានជាសះស្បើយច្រើនរួចមកហើយក្តី តែបញ្ហាប្រឈមនៅធំធេង​ណាស់​ដែលត្រូវខិតខំបន្ត។ ប្រសិនមិនមានអ្វីជួយដល់អ្នកជំងឺ ឬជួយដល់គ្រូពេទ្យ សូមកុំនាំជំងឺឱ្យគ្រូពេទ្យព្យាបាល​ដែលជាការ បន្ថែមបន្ទុកដល់គ្រូពេទ្យដល់រដ្ឋ និងជាពិសេសដល់ខ្លួនឯង និង ក្រុមគ្រួសារ ព្រោះអ្នកជំងឺ​នឹងរងគ្រោះ​មុនគេ។

ខឿនការពារសុខភាពរបស់ប្រជាជនគឺជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លងដ៏កាចសាហាវនេះ៕

ដោយ៖ ជឹម ណារី