កម្ពុជានឹងមានទូរទស្សន៍កីឡាកម្រិតឯកទេសជាលើកដំបូង នាចុងឆ្នាំ២០២០នេះ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ — កម្ពុជានឹងមានទូរទស្សន៍កីឡាកម្រិតឯកទេសកីឡាជាលើកដំបូង ដើម្បីសម្រួចគោល​ដៅពី​បច្ចុប្បន្នរហូតដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយទូរទស្សន៍ឯកទេសកីឡានៅកម្ពុជា​មួយនេះក៏ជាមជ្ឈមណ្ឌលផ្សព្វផ្សាយទៀតផង។

ទូរទស្សន៍កីឡាថ្មីនេះ មានឈ្មោះថា «ទូរទស្សន៍កីឡាកម្ពុជា» (CSTV-Cambodia Sports Television) ក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងត្រូវបើក​ឱ្យ​ដំណើរការសាកល្បង នាចុងឆ្នាំ២០២០ នេះ តាមរយៈអនឡាញជាបណ្តោះអាសន្នសិន។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ក្រោមការដឹកនាំ និងចក្ខុវិស័យរបស់ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នៅក្នុងដំណាក់កាលនៃ​ការ​រៀបចំការប្រកួត ស៊ីហ្គមេ លើកទី៣២ ឆ្នាំ២០២៣ យើងត្រូវការទូរទស្សន៍ឯកទេសមួយ។ ឯកឧត្ដមបន្ដថា ទូរទស្សន៍ឯកទេសហ្នឹង គឺយើងធ្វើការបណ្តុះបណ្តាល និងការរៀបចំទៅក្នុង​កម្រិតឯកទេសកីឡា ដែលមានន័យថា ទាំងរបៀបថត ការចាប់មុំថត ឧបករណ៍ថត ត្រូវមាន​លក្ខណៈពិសេស សម្រាប់វិស័យកីឡា ដោយធ្វើយ៉ាងណាឱ្យទូរទស្សន៍នេះជាទូរទស្សន៍​ឯកទេស។ ជាមួយគ្នានេះ ទូរទស្សន៍កីឡាកម្ពុជាក៏ជាមជ្ឈមណ្ឌលផ្សព្វផ្សាយ (Broadcasting Center) ពីការត្រៀមស៊ីហ្គេម នាពេលបច្ចុប្បន្នរហូតដល់ព្រឹត្តិការណ៍ ស៊ីហ្គេម ២០២៣ តែម្តង។ នៅចុងឆ្នាំ២០២០ទូរទស្សន៍នេះនឹងអាចដំណើរការផ្សព្វផ្សាយជាលក្ខណៈអនឡានជាបណ្តើរៗសិន។

ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា “យើងកំពុងពិនិត្យការងារនេះ ដើម្បីជំរុញឱ្យអ្វីៗ​ក្លាយ​ទៅ​ជាទូរទស្សន៍ជំនាញអាជីពវិជ្ជាជីវៈ នៅក្នុងផ្នែកនីមួយៗ។ ដូច្នេះខាងកីឡាក៏មាន​វិជ្ជាជីវៈកីឡាដូចគ្នា ដើម្បីគោរពបាននូវស្តង់ដារមួយ នៅពេលស៊ីហ្គេម ហើយចំពោះប្រព័ន្ធ​ផ្សព្វផ្សាយក៏ត្រូវមានស្តង់ដារស៊ីហ្គេមដែរ ដោយមិនមែនចេះតែធ្វើទៅបានដោយគ្មាន​អាជីព​ពិតប្រាកដ ឬគ្មានស្តង់ដារនោះឡើយ”។ ឯកឧត្ដមបានលើកឡើងថា ការមិនមានស្តង់ដារ គឺធ្វើឱ្យការផលិតនៃប្រព័ន្ធផ្សព្វផ្សាយកីឡានោះមិនអាចត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិនោះឡើយ។

ឯកឧត្ដមបានបន្ថែមថា ទូរទស្សន៍កីឡាថ្មីមួយនេះនឹងត្រូវផ្សាយតាមប្រព័ន្ធឌីហ្គីថល​កម្រិត​​គុណភាព​រូបភាពច្បាស់ល្អ HD (High Definition) ដែលអាស៊ានតម្រូវឱ្យប្រើប្រាស់​ស្តង់ដារមួយនេះ ក្រោមការជួយរៀបចំ និងបណ្តុះបណ្តាលពីខាងក្រុមហ៊ុនមួយមកពី​សាធារណរដ្ឋកូរ៉េ៕

ដោយ ហេង ណាលីន