ជ័យលាភីកីឡាតុងហ្គីលម៉ូដូជើងឯកពិភពលោកមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីរាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ — កីឡាករ កីឡាការិនីកម្ពុជា ដែលជាម្ចាស់ជ័យលាភីមេដាយសំរឹទ្ធិពីព្រឹត្តិការណ៍ប្រកួតជើង​ឯក​ពិភពលោក ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ មកដល់ពេលនេះមិនទាន់ទទួលបាន​ប្រាក់​ឧបត្ថម្ភ ដែលជាថវិកាជាតិនៅឡើយទេ ខណៈប្រភេទកីឡានានា ដូចជាជើងឯកពិភព​លោក​តេក្វាន់ដូ ITF, ប៉េតង់ជើងឯកពិភពលោក និងជ័យលាភីមួយចំនួនទៀត ក្នុងកម្រិតតំបន់ និង​អាស៊ានមួយចំនួនទៀតបានទទួលប្រាក់ឧបត្ថម្ភ រួចរាល់អស់ហើយ។

កីឡាការិនីតុងហ្គីលម៉ូដូ វ័យ១៩ឆ្នាំ ហុង គឹមហួយ ដែលជាម្ចាស់ជ័យលាភី​ជើងឯក​ពិភពលោក កាលពីឆ្នាំ២០១៩ បានសំណូមដល់ក្រសួងអប់រំ យុវជន និងកីឡាជួយសម្រួល​ប្រាក់រង្វាន់ជ័យលាភីនេះឱ្យបានលឿន ពីព្រោះម្ចាស់ជ័យ លាភីអន្តរជាតិលើប្រភេទកីឡា​មួយ​ចំនួន ដែលដណ្តើមបានមេដាយក្នុងពេលដំណាលគ្នានោះ​ទទួលបានប្រាក់រង្វាន់លើកទឹក​ចិត្ត​រួចអស់ហើយ នៅសល់តែក្រុមតុងហ្គីលម៉ូដូប៉ុណ្ណោះ។ កីឡាការិនីមានស្រុកកំណើត​នៅខេត្ត​បាត់ដំបង និងកំពុងបន្តការសិក្សាមហាវិទ្យាល័យនៅភ្នំពេញ​ដោយស្នាក់នៅជាមួយម្តាយមីង​រូបនេះស្នើឱ្យថ្នាក់ដឹកនាំជំរុញរឿងប្រាក់រង្វាន់ឱ្យបានលឿន ដើម្បីបន្តលើកទឹកចិត្តដល់គាត់ ក៏ដូចជាក្រុមជ័យលាភីនានា ដែលបានខិតខំអស់ពីសមត្ថភាពដណ្តើមមេដាយយកមក​ជូន​ជាតិ។

លោក ឈួន ចន្ថា គ្រូបង្វឹកសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបាន​ថ្លែងប្រាប់ទីភា្នក់ងារ​សារព័ត៌​មានកម្ពុជា AKP នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះថា ព្រឹត្តិការណ៍ប្រកួតកីឡាតុង​ហ្គីលម៉ូដូ​​ជើងឯកពិភពលោក នៅសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩ បានប្រារព្ធធ្វើឡើងកាលពី២៤ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានកីឡាករ កីឡាការិនីមកពីបណ្តា​ប្រទេសនានាចំនួន២១ ហើយសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបានបញ្ជូនកីឡាករ កីឡា​ការិនី​ជម្រើសជាតិរបស់ខ្លួនចំនួន០៩នាក់ ក្នុងនោះមានប្រធានប្រតិភូម្នាក់ គ្រូបង្វឹក អាជ្ញា កណ្តាល០២នាក់ កីឡាករ០២នាក់ និងកីឡាការិនី០៣នាក់ទៅចូលរួមប្រកួតប្រជែងមេដាយ​ក្នុងកម្រិតពិភពលោកនេះ។ ជាលទ្ធផលគឺអត្តពលិកតុងហ្គីលម៉ូដូកម្ពុជាដណ្តើមបាន​មេដាយ​សំរឹទ្ធិ០៣គ្រឿង ដែលដណ្តើមបានដោយកីឡាការិនី ហុង គឹមហួយ ឈ្នះមេដាយសំរឹទ្ធិ​០១គ្រឿង លើវិញ្ញាសា៥០គីឡូក្រាម, កីឡាការិនី ស៊ីថា ស្រីលីន ឈ្នះមេដាយសំរឹទ្ធិ​០១គ្រឿង លើវិញ្ញាសាប្រយុទ្ធ ៦៥គីឡូក្រាម និង០១គ្រឿងទៀត រកបានដោយកីឡាករ ស្រី រាជបុត្រ លើវិញ្ញាសា​សម្តែង។

គ្រូបង្វឹករូបនេះបានលើកឡើងនូវការអាក់អន់ចិត្តរបស់ម្ចាស់ជ័យលាភីនៃភាពយឺតយ៉ាវក្នុងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តតាមរៈនាយកដ្ឋានជំនាញក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដោយច្រើនខែមកហើយ ដែលកីឡាករ កីឡាការិនីទន្ទឹងរង់ចាំនូវប្រាក់រង្វាន់នេះ ខណៈប្រាក់រង្វាន់ជ័យលាភីអន្តរជាតិមួយចំនួនធំលើប្រភេទកីឡាផ្សេងៗ កាលពីឆ្នាំ២០១៩ ត្រូវ​បានក្រសួងអប់រំប្រគល់ជូនជាបន្តបន្ទាប់រួចមកហើយ កាលពីពេលកន្លងទៅ។ លោកបាន​បញ្ជាក់ទៀតថា លោកបានឃើញចំណាររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងចំណាររបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការបានឯកភាព​ទទួល​ស្គាល់​ពីជ័យលាភីតុងហ្គីលម៉ូដូរួចហើយដែរ ប៉ុន្តែរហូតដល់ពេលនេះថវិកាឧបត្ថម្ភនោះ​មិន​ទាន់​​ធ្លាក់​មកទៀត។ លោកបានសួរបញ្ជាក់ទៅខាងជំនាញកីឡារួចហើយថា នៅថ្ងៃចន្ទ​ដើមសប្តាហ៍ក្រោយនេះ គាត់នឹងពិនិត្យ និងវាយតម្លៃតាមគោលការណ៍ជូនថ្នាក់ដឹកនាំ​ម្តងទៀត ដើម្បីពន្លឿនប្រាក់រង្វាន់នេះ។ ទោះយ៉ាងនេះក្តី លោក ឈួន ចន្ថា នឹងរង់ចំាចំពោះ​ការខិតខំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿននៃប្រាក់រង្វាន់នេះ ដើម្បីផ្តល់​តម្លៃលើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីតុងហ្គីលម៉ូដូ ដែលបានខិតខំអស់ពីសមត្ថភាព​ប្រកួតប្រជែងយកមេដាយសំរឹទ្ធិ០៣គ្រឿងយកមកជូនជាតិ។

សូមរម្លឹកថា កីឡាករ កីឡាការិនីជម្រើសជាតិកីឡាតុងហ្គីលម៉ូដូកម្ពុជា ក្រោមការបង្វឹក និងដឹកនាំចេញទៅប្រកួតរបស់លោក ឈួន ចន្ថា តែងតែបាននាំយកនូវសមិទ្ធផល​មកជូន​ជាតិជាបន្តបន្ទាប់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តាមរយៈការដណ្តើមបានមេដាយ ក្នុងនោះ​មានដូចជាមេដាយសំរឹទ្ធិ នៅក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសកូរ៉េ កាល​ពីឆ្នាំ២០១៦ និងដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិជាច្រើនគ្រឿង នៅក្នុងការប្រកួត​ជើងឯកអាស៊ី នៅប្រទេសថៃ កាលពីឆ្នាំ២០១៨ រួមទាំងព្រឹត្តិការណ៍អន្តរជាតិមួយចំនួនទៀត៕

ដោយ ហេង ណាលីន