ក្រសួងបរិស្ថានព្រមានប្រើវិធានការផ្លូវច្បាប់ចំពោះអង្គការសង្គមស៊ីវិលធ្វើការងារបរិស្ថានដែលមិនបានចុះបញ្ជី និងប្រព្រឹត្តទង្វើផ្ទុយពីច្បាប់

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ — ក្រសួងបរិស្ថានបានព្រមានធ្ងន់ៗចំពោះអង្គការសង្គមស៊ីវិល និងសមាគមមួយចំនួននៅ ក្នុង តំបន់ការពារធម្មជាតិដែលមិនបានចុះបញ្ជីត្រឹមត្រូវ ថែមទាំងប្រព្រឹត្តនូវទង្វើដែលផ្ទុយ នឹង ច្បាប់យ៉ាងអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ក្រសួងនេះព្រមានថានឹងប្រើប្រាស់យន្តការផ្លូវច្បាប់ដើម្បីដោះស្រាយ ល្គឹគណា​សកម្មភាពខាងលើនេះមិនត្រូវបានបញ្ឈប់នោះទេ។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រសួងបរិស្ថានបាន​សង្កត់​ធ្ងន់ថា «ក្រសួងគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ ជាពិសេសច្បាប់ស្តីពីតំបន់ការពារ​ធម្មជាតិ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពអនាធិបតេយ្យក្នុងតំបន់​ការពារធម្មជាតិដែល ស្ថិ​តក្នុងដែនសមត្ថកិច្ចរបស់ក្រសួង។ ការព្រមានប្រើប្រាស់យន្តការផ្លូវច្បាប់នេះ គឺធ្វើឡើង​បន្ទាប់ពីក្រសួងបរិស្ថានពិនិត្យឃើញថា មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយ​ចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់ បាននិងកំពុងធ្វើសកម្មភាព​អនាធិបតេយ្យនៅក្នុងតំបន់ការពារធម្មជាតិ។ ក្រសួងចាត់ទុកសកម្មភាពនេះ គឺជាសកម្មភាព​បំពានច្បាប់យ៉ាងគឃ្លើន ក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ។

តែទោះយ៉ាងណាក៏ដោយ ក្រសួងក៏បានលើកឡើងដែរថា ក្រសួងគ្មានផលប្រយោជន៍​អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ។ ប៉ុន្តែតម្រូវឱ្យមាន​ការគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របច្បាប់កំណត់ដោយស្មោះត្រង់ក្នុង​ភាពជា​ដៃគូ។ ទន្ទឹមនឹងនេះដែរ ក្រសួងក៏បញ្ជាក់ជាថ្មីនូវការស្វាគមន៍ចំពោះអង្គការ​មិនមែនរដ្ឋាភិ​បាល ឬសមាគម ដែលបានចុះបញ្ជី និងកិច្ចព្រមព្រៀងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ក្នុងការ​ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីបុព្វហេតុសម្បត្តិធម្មជាតិទាំងអស់គ្នា៕

ដោយ ចាន់ សុធីវង្ស