អ្នកនាំពាក្យក្រសួងអប់រំ៖ ក្រសួងបន្តតាមដានស្ថានភាពវីរុសកូវីដ១៩នៅកម្ពុជា យ៉ាងយកចិត្តទុកដាក់ មុននឹងសម្រេចថានឹងត្រូវបើកសាលារៀនឡើងវិញនៅពេលណា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ —

ឯកឧត្តម ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន ដឹងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញតេឡេក្រាមថា ក្រសួងអប់រំ បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីស្ថានភាពវីរុសកូវីដ១៩នៅកម្ពុជា មុននឹងសម្រេចថា នឹងត្រូវបើកសាលារៀនឡើងវិញ នៅពេលណា។

ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា៖ “ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ និងជាប់ជាប្រចាំ នូវស្ថានភាពវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជានៅក្នុងតំបន់ និងសកលលោកទាំងមូល ហើយក្រសួងអប់រំ បាន និងកំពុងពិភាក្សាជាមួយនឹងក្រសួងសុខាភិបាល ក៏ដូចជារង់ចាំសេចក្តីណែនាំបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា មុននឹងធ្វើការសម្រេចថាដាក់ឱ្យដំណើរការសាលារៀនឡើងវិញ នៅពេលណា។”

ក្នុងខណៈនេះ ក្រសួងអប់រំ នៅតែបន្តអំពាវនាវឱ្យបុគ្គលិកអប់រំ គ្រឹះស្ថានសិក្សាគ្រប់កម្រិត អាណាព្យាបាល មាតាបិតា ព្រមទាំងសិស្សានុសិស្សទាំងអស់ គោរពសេចក្តីណែនាំ និងសេចក្តីប្រកាសព័ត៌មានទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងសុខាភិបាល ត្រូវបន្តការប្រុងប្រយ័ត្នកម្រិតខ្ពស់ ស្តីពីវិធានការអនាម័យ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងប្រទេសជាតិ ពីការរីករាលដាលនៃវីរុសកូវីដ១៩ ព្រមជាមួយការជម្រុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រពីចម្ងាយ (Distance Learning) ក៏ដូចជារៀនសូត្រតាមអនឡាញ (E-Learning) តាមគេហទំព័ររបស់ក្រសួងអប់រំ ក៏ដូចជាតាមទូរទស្សន៍ ព្រោះថាពេលនេះ ក្រសួងអប់រំ បានសហការហើយជាមួយទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ដែលក្នុងនោះ សិស្សានុសិស្សក៏អាចរៀនបានតាមរយៈប៉ុស្តិ៍ទទក២ (TVK2) ជាពិសេសគឺសិស្សានុសិស្សនៅតាមទីជនបទ ដែលពុំមានបណ្តាញអ៊ីនធើណិតប្រើប្រាស់។

ដោយឡែក ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានអំពាវនាវជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំធ្វេសប្រហែសឱ្យសោះ ព្រោះថាប្រទេសនៅជិតខាងកម្ពុជាមួយចំនួននៅមានរកឃើញករណីវីរុសកូវីដ១៩នៅឡើយ ដូចជាប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ជាដើម ខណៈប្រទេសមួយចំនួននៅអាស៊ី ក៏ដូចជាអឺរ៉ុប និងអាម៉េរិក នៅបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយទេ។

ឯកឧត្តមវេជ្ជបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា៖ “ពាក់ព័ន្ធនឹងការដកបម្រាម ឬបន្ធូរបន្ថយការរិតត្បិតនានានោះ គឺអាស្រ័យទៅលើការសម្រេចរបស់រាជរដ្ឋាភិបាលនោះទេ ប៉ុន្តែស្ថាប័នជំនាញនៅតែបន្តប្រុងប្រយ័ត្នជាប់ជានិច្ច និងនៅតែសំណូមពរឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានអនាម័យ តាមរយៈការលាងដៃជាមួយទឹកស្អាត អាល់កុល ឬជែល ចៀសវាងការប្រមូលផ្តុំ រក្សាគម្លាតសុវត្ថិភាព កុំធ្វើការបម្លាស់ទីបើពុំចាំបាច់ ។ល។”

ដោយ ផែន រតនៈ