លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ពុំដែលភ្លេចយើងទេ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ —

ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះថា រាល់វិធានការនានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីការពារការឆ្លងវីរុសកូវីដ១៩ នៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន បើទោះបីជាពុំមានករណីឆ្លងចំនួន១៣ថ្ងៃជាប់ៗគ្នាហើយក្តី។

លោកជំទាវវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “យើងពុំទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីត្បិតតែបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន លោកហាក់ដូចជាបានវិលទៅរកជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកវិញជាធម្មតាក៏ពិតមែន ក៏ប៉ុន្តែវិធានការការពារ និងវិធានការនានា នៅមានសុពលភាព នៅតែអនុវត្តជាធរមាននៅឡើយ។ ខ្ញុំសូមបញ្ជាក់ថា ស្ថានភាពរបស់យើងនៅពេលនេះគឺស្ថិតក្នុងភាពផុយស្រួយណាស់ ថ្វីត្បិតតែកម្ពុជាយើងពុំមានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មី រយៈពេលជាង១០ថ្ងៃមកហើយនេះ ហើយការព្យាបាលជាសះស្បើយក៏កាន់តែមានច្រើនឡើងៗក៏ពិតមែន ប៉ុន្តែយើងពិនិត្យឃើញថា ប្រទេសជិតខាងរបស់យើង គឺជំងឺកូវីដ១៩នេះកំពុងវ៉ៃលុកនៅឡើយ ចំណែកឯប្រទេសដ៏ទៃទៀតនៅលើពិភពលោកក៏កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយដែរ។ ដូច្នេះប្រសិនបើយើងមិនបន្តនូវវិធានការការពារ ឬក៏បន្ធូរដៃ នោះប្រទេសកម្ពុជាយើងអាចនឹងត្រូវវ៉ៃលុកសារជាថ្មីឡើងវិញ។ សូមបងប្អូនចងចាំថា យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ពុំដែលភ្លេចយើងទេ ដូចនេះរាល់វិធានការនានា ជាពិសេសនោះគឺវិធានការ ឬក៏បទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺត្រូវតែអនុវត្តជាបន្តទៀត ដើម្បីការពារខ្លួនយើង គ្រួសារយើង និងប្រទេសជាតិរបស់យើង ពីវីរុសដ៏កាចសាហាវនេះ” ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្ថែមថា ក្រសួងសុខាភិបាលនឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអង្គការសុខភាពពិភពលោក មុននឹងមានវិធានការដែលត្រូវដាក់ចេញថ្មីបន្តទៀត ដើម្បីការពារការរីករាលដាលជំងឺនេះនៅប្រទេសកម្ពុជា ហើយលោកជំទាវក៏បានអំពាវនាវជាថ្មីគឺ សូមប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំធ្វេសប្រហែស ត្រូវតែបន្តអនុវត្តវិធានការការពារជាបន្តទៀត។

គួររំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថាមានករណីព្យាបាលជាសះស្បើយ ពីជំងឺកូវីដ១៩ ចំនួន០៧នាក់ថ្មីទៀត ដែលធ្វើឱ្យករណីព្យាបាលជា សរុបកើនដល់ ចំនួន១១៧នាក់ ក្នុងចំណោម១២២ករណីទូទាំងប្រទេស ខណៈអ្នកជំងឺដែលកំពុងព្យាបាល នៅសល់តែ០៥នាក់ប៉ុណ្ណោះ។

ដោយ ផែន រតនៈ