ក្រសួងព័ត៌មាន ពិនិត្យ និងកែលម្អលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជាលើក​ចុងក្រោយ​មុនបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីពិនិត្យ និងសម្រេចជាផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — ក្រសួងព័ត៌មានបានបើកកិច្ចប្រជុំពិនិត្យកែលម្អចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ផ្នែកទោសប្បញ្ញត្តិ មុននឹងបញ្ចូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដីពិនិត្យ និង​សម្រេចជាផ្លូវការលើសេចក្ដីព្រាងច្បាប់នេះ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែ​មេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានបង្ហាញនូវរបាយណ៍ អំពីការវិវត្តថ្មីៗ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ក្នុងនោះក៏មានការចូលរួមមតិ​យោបល់ និងបានធ្វើការពិនិត្យកែលម្អលើសេចក្តីព្រាងច្បាប់នេះ ដើម្បីដាក់ក្នុងសេចក្តី​ថ្លែង​ហេតុ រួមទាំងបញ្ហាផ្សេងៗទៀត។ ឯកឧត្ដមបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីស្តីពី​សិទ្ធិ​ទទួលព័ត៌មាន ដែលក្រសួងព័ត៌មាន ជាអ្នកធ្វើពង្រាង គឺមាន ១០ ជំពួក ចែកចេញជា ៣៦ មាត្រា ហើយច្បាប់នេះ មានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ សេរីភាព ក្នុងការទទួលបានព័ត៌មាន ពីស្ថាប័នសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ច​ប្រជុំនេះ គឺជាការពិនិត្យចុងក្រោយបង្អស់ នៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មុននឹង​បញ្ជូន​ទៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេចជាផ្លូវការ ហើយបញ្ជូនទៅរដ្ឋសភាធ្វើការ​អនុម័ត៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា