ក្រសួងកសិកម្ម ដាក់ចេញនូវវិធានការ និងសេចក្ដីណែនាំដល់អង្គភាពក្រោមឱវាទ​ក្នុងការធានាសន្តិសុខស្បៀង ខណៈដែលប្រទេសកំពុងជួបវិបត្តិកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — ដោយយោងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្ម  ក​សិកម្ម​រួមមានការ​ចិញ្ចឹមសត្វ ផលិតស្រូវ និងដំណាំ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់​តាមតម្រូវការ​ក្នុងស្រុក ហើយឆ្លៀតយកឱកាសនេះត្រូវបង្កើតជាកាលានុវត្តភាពសម្រាប់​វិស័យកសិកម្ម ខណ:​យើងបិទការនាំចូលពីខាងក្រៅដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីក​រាល​ដាលជំងឺឆ្លង​សកលកូវីដ-១៩។

ឆ្លើយតបតាមការអំពាវនាវនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់​ចេញ​សេចក្តីណែនាំសំខាន់ៗ និងចាំបាច់បន្ទាន់មួយចំនួនដើម្បីបង្កើន និងពង្រឹង​ស្មារតី​យកចិត្តទុក ដាក់លើការផលិត ធានាសន្តិសុខស្បៀងឱ្យបានគ្រប់គ្រាន់ឆ្លើយតបតាម​តម្រូវការ​ក្នុងស្រុក ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងនូវហានិភ័យពីកូវីដ-១៩។ នេះបើយោង​តាមការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំដើម្បី​ប្រមូលយកធាតុ​ចូលសំខាន់ៗដែលអង្គភាពក្រោមឱវាទបាន និង​កំពុងអនុវត្តន៍ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តសេចក្តីណែនាំនេះ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការ​ក្រសួងកសិកម្ម ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបានណែនាំដល់អង្គភាពសំខាន់៣ គឺអគ្គ នាយកដ្ឋានកសិកម្ម (ផលិតកម្មស្រូវ និងដំណាំ) អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត​កម្ម​សត្វ (ចិញ្ចឹមសត្វ) និងរដ្ឋបាលជលផល (វារីវប្បកម្ម) រួចដាក់ចេញផែនការសកម្មភាព​អនុវត្តន៍​បន្តឱ្យកាន់តែមាន​ប្រសិទ្ធភាព និងទាន់ពេលវេលា។  ឯកឧត្ដមបានជំរុញដល់អង្គភាពពាក់ ព័ន្ធត្រូវ​ត្រៀមរៀប​ចំលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផល រដូវវស្សាដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ហើយនាយកគ្រប់គ្រងគម្រោងទាំងអស់​ត្រូវពិនិត្យ​ឡើង​វិញ​លើផែនការសកម្មភាព និងកម្មវត្ថុសំខាន់ៗក្នុងបំណងធ្វើយ៉ាងណាឆ្លើយ​តប​តាម​ការអំពាវ​នាវរបស់សម្តេចតេជោឱ្យមានប្រសិទ្ធភាព។

ឯកឧត្ដមរដ្ឋមន្រ្ដីបានផ្តល់អនុសាសន៍ សំខាន់ៗមួយចំនួនបន្ថែមទៀត ដើម្បីចូលរួម​ទទួលខុសត្រូវក្នុងការធានាសន្តិសុខស្បៀង ក្នុងបរិបទដែលប្រទេសយើងកំពុងជួបវិបត្តិកូវីដ-១៩ ទី១. ក្រៅពីការធ្វើប្រពលវប្បកម្មដំណាំស្រូវ ការធ្វើពិពិធកម្មដំណាំសំខាន់ៗ​មួយចំនួន​គួរគិត​​ផងដែរនូវការដាំបន្លែអតិផលជុំវិញផ្ទះ និងចិញ្ចឹមសត្វ ដើម្បីបង្កើនចំណូល ធានាសន្តិ​សុខ​ស្បៀង បង្កើតឱកាសការងារ និងកាត់បន្ថយផលវិបាករបស់ប្រជាជនក្នុងកាលៈ​ទេសៈ​នេះ។ ទី២. ប្រើប្រាស់នូវនវានុវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីឱ្យកសិករអាចគ្រប់គ្រង ផលិតកម្ម បាន។ ប្រើប្រាស់បច្ចេកវិទ្យាដែលប្រើប្រាស់ទឹកតិច គិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធសម្រាប់ ទ្រទ្រង់​ក្រោយពេលប្រមូលផល (មានជម្រុក បច្ចេកទេសថែរក្សា និងការកែច្នៃជាដើម)។ រើសទីតាំង​ផលិតកម្មជិត​ប្រភពទឹក ដើម្បីរៀបចំឯកសារដាក់ជូន “មូលនិធិអគ្គិសនីភាវូបនីយ កម្មជនបទ” ទទួលបានការអនុគ្រោះថ្លៃអគ្គិសនីសម្រាប់ការបូមទឹកនៅពេលយប់។ ទី៣. ជ្រើសរើស សហគមន៍ដែលមានសក្ដានុពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងផលិតកម្មបន្លែក្នុង ទ្រង់ទ្រាយធំ រៀបចំផែនការផលិត និងផ្គត់ផ្គង់ឱ្យស្របតាមតម្រូវការទីផ្សារ។  បង្កើតបណ្ដាញ ទីផ្សារដើម្បី​ផ្សា​ភ្ជាប់អ្នកទិញ និងសហគមន៍ផលិត ក្នុងទិសដៅធ្វើឱ្យមាននិរន្តរភាពនៃការផ្គត់ ផ្គង់ទីផ្សារ​តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទី៤. ដោះស្រាយឱ្យមាន ប្រសិទ្ធភាពនូវសេចក្តីត្រូវការទាំងឡាយរបស់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅទីជនបទដូច​ជា​ការ​បណ្តុះ​បណ្តាលបច្ចេសកសិកម្ម ការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់កិច្ចការដាំដុះជា​លក្ខណៈ​គ្រួសារ ការផ្តល់គ្រាប់ពូជ ជី ការបង្កើតធនាគារស្រូវ សហគ្រាសធុនតូចផ្នែកកសិ-ឧស្សាហកម្ម និងការកែលម្អវិធីផ្សព្វផ្សាយព័ត៌មានកសិកម្មឱ្យដល់ភូមិ-ឃុំ។ លើកទឹក​ចិត្ត​កសិករ អ្នកចំ​ណាក​ស្រុកដែលវិលមកកម្ពុជាវិញ និងកម្មករដែលបាត់បង់ការងារឱ្យ​ធ្វើកសិកម្ម​ចម្រុះ (ការចិញ្ចឹមមាន់ ត្រី និងដាំបន្លែ)។ ទី៥. ត្រូវជំរុញការធ្វើពហុវប្បកម្ម​ដំណាំ​ចម្រុះ ការ​ធ្វើដំណាំឆ្លាស់ និងជំរុញដំណាំកសិ-ឧស្សាហកម្មសម្រាប់ផ្គត់ផ្គង់ ការបង្កើតសិប្បកម្មតូចៗ និង​ឧស្សាហកម្មនៅមូលដ្ឋានដើម្បីបង្កើនតម្លៃ បន្ថែម និងប្រាក់ចំណូល។ ជំរុញការដាំបន្លែ និងឈើហូបផ្លែដើម្បីធានាការហូបចុកក្នុងស្រុក និងជាជំហានៗឈានទៅជំនួសបន្លែនាំចូល។ ជំរុញការចិញ្ចឹមសត្វ និងវារីវប្បកម្មតាមគ្រប់រូបភាព ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកា​ហិរញ្ញប្បទានពិសេស ៥០លានដុល្លាររបស់រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ករណីនេះ អគ្គនាយកដ្ឋានពាក់ព័ន្ធត្រូវជួយសម្របសម្រួលធ្វើយ៉ាងណា​ឱ្យ​កសិករ និងសហគមន៍កសិកម្មអាចខ្លីប្រាក់នេះបានយកមកប្រើប្រាស់ដើម្បីបង្កើនផលិត​កម្ម​របស់ខ្លួនកាន់តែរីកចម្រើនទ្វេទៀត។ ទី៦. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ ត្រូវសហការឱ្យបានសកម្មក្នុងការពង្រឹងរចនាសម្ព័ន្ធសហគមន៍កសិកម្ម ភ្នាក់​ងារ​ពេទ្យសត្វភូមិ សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ។ គ្រប់អង្គភាពត្រូវគិតគូរបន្ថែម​ទៀតអំពីការប្រើប្រាស់ថវិកាឱ្យបានសមស្របទៅ តាមអាទិភាពនៃសកម្មភាពដែលបានរៀបចំ​ក្នុងផែនការថវិកាឆ្នាំ២០២០ នេះក្នុងស្មារតីសន្សំ សំចៃខ្ពស់។ ត្រូវត្រៀមរៀបចំលក្ខណ:សម្បត្តិ​ឱ្យបានគ្រប់គ្រាន់ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផលឆ្នាំ២០២០-២០២១ ឱ្យបានទាន់ពេល​វេលា។ ទី៧. អគ្គនាយកដ្ឋានសុខភាពសត្វ និងរដ្ឋបាលជលផល ត្រូវសហការធ្វើការជាយ​វិស័យ​​ឯកជន ក្នុងការផលិតចំណីសត្វ ការចិញ្ចឹមសត្វ និងត្រីធានាទាំងបរិមាណ និង​គុណ​ភាពដើម្បីបង្កើនផលិតភាពផលិតកម្ម ជាពិសេសបង្កើនដៃគូជាមួយកសិករ។ ទី៨. អង្គភាព អគ្គនាយកដ្ឋានទាំង៣ រួមទាំងមន្ទីរទាំង២៥ រាជធានី-ខេត្ត ត្រូវសហការទប់ស្កាត់​ការនាំចូល កសិផលខុសច្បាប់ ដើម្បីការពារតម្លៃកសិផលក្នុងស្រុក និងបើកឱកាសឱ្យផលិត​ករក្នុង​ស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយ​តម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង អស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន យ៉ាង​សកម្ម សម្រេចទទួលបានលទ្ធ​ផលល្អប្រសើរ៕

ដោយ ឡុង ស៊ីវ៉ាន់