អ្នកនាំពាក្យក្រសួងសុខាភិបាលគូសបញ្ជាក់ថា អ្នកដែលសល់មិនទាន់ព្យាបាលជាសះ​ស្បើយគឺជាអ្នកទើបឆ្លង ហើយត្រូវការពេលវេលា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូស​បញ្ជាក់ថា​ អ្នកឆ្លងជំងឺកូវីដ-១៩ ដែលនៅសល់ពីការព្យាបាល និងមិនទាន់បានជា​សះស្បើយ​នោះគឺជាករណីថ្មី ហើយត្រូវការពេលវេលា។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិ​បាលនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើការព្យាបាលអ្នកឆ្លងជំងឺកូវី-១៩ជាសះស្បើយចំនួន ១១០នាក់ និងនៅសល់១២នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺនេះសរុប១២២នាក់ នៅទូទាំង ប្រទេស។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម នារសៀលថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០នេះថា “ខ្ញុំសូមជម្រាបជូនថាភាគច្រើនអ្នកកំពុងព្យាបាល​ដែលនៅសេស​សល់ហ្នឹង គឺអ្នកដែលរកឃើញថ្មីក្រោយៗ។ អីច្ចឹងត្រូវការទាមទារពេលវេលា ហើយ​ម្យ៉ាង​ទៀត បើនិយាយដល់អ្នកឆ្លងពីមុន គឺនៅមានចំនួនតិចនោះទេ ដែលគាត់មានស្ថានភាព​សុខភាពមួយចំនួន គឺទាមទាររយៈពេលព្យាបាលយូរ”។

សូមជម្រាបថា ក្នុងរយៈពេល១២ថ្ងៃមកជាប់ៗគ្នាកម្ពុជាមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះឡើយ និងមិនមានករណី​ព្យាបាលជាសះស្បើយឡើយ ដោយគិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០៕

ដោយ ប៊ុនរិទ្ធ