ប្រធានតុលាការកំពូលមានជំនឿថា ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ប្រព័ន្ធ​យុត្តិធម៌នៅកម្ពុជានឹងមានការកែទម្រង់

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល បានផ្ញើលិខិតជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួង​យុត្តិ​ធម៌ដែលទើបត្រូវបានតែងតាំងថ្មីជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ក្នុងលិខិតនោះប្រធាន​ស្ថាប័នកំពូលរូបនេះ មានជំនឿថា ក្រោមការដឹក​នាំរបស់​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី នឹងដាក់​ចេញ​នូវគោលការណ៍ថ្មីៗ សម្រាប់កំណែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។

ក្នុងលិខិតចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល បានអរគុណរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ដែល​បាន​ផ្តល់​ការលើកទឹកចិត្តចំពោះឯកឧត្ដមក្នុងការចូលរួមចំណែកបម្រើប្រយោជន៍ជាតិ និងប្រជាជន ជំរុញការពង្រឹងនីតិរដ្ឋឱ្យបានរឹងមាំ។ ​សម្រាប់ប្រធានតុលាការកំពូលរូបនេះ ឯកឧត្តម មាន​ជំនឿថា «ក្រោមការដឹកនាំរបស់​ឯក​ឧត្តមក្រសួងយុត្តិធម៌នឹងដាក់ចេញនូវ​គោលការណ៍ថ្មីៗ​ដើម្បី​​ជាផលប្រយោជន៍ដល់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងច្បាប់ដែលជាមុំមួយនៃយុទ្ធ​សាស្ដ្រ​​ចតុកោណរបស់រាជរដ្ឋាភិបាល ។

សូមរំលឹកជូនថា ឯកឧត្តម កើត រិទ្ធ ត្រូវបានប្រកាសចូលកាន់តំណែង​ជារដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ថ្មី  កាលពីថ្ងៃទី០១  ខែមេសា  ឆ្នាំ ២០២០ ។ ក្នុងឱកាសចូលកាន់តំណែងថ្មីនេះ ឯកឧត្តម​បានប្ដេជ្ញាចិត្តស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តអនុវត្តន៍​គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ច្បាប់ និង​យុត្តិធម៌ដើម្បីលើកកម្ពស់ទំនុកចិត្តពីប្រជាជន ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ សុច្ចរិតភាព និង​ភាពត្រឹមត្រូវនៃមន្ត្រីតុលាការ ដើម្បីពង្រឹងជំនឿទុកចិត្ត ៕

ដោយ ចាន់ សុធីវង្ស