បុរសខ្លាំងហ្វីលីពីន គំរាមប្រើច្បាប់អាជ្ញាសឹកប្រសិនបើក្រុមឧទ្ទាមកុម្មុយនីស្តរារាំងដល់ ជំនួយសង្រ្គោះប្រឆាំងនឹង COVID-19

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន បានគំរាមថា នឹងប្រើច្បាប់អាជ្ញាសឹកប្រសិនបើ ក្រុមឧទ្ទាមកុម្មុយនីស្តរារាំងដល់ការផ្តល់ទំនិញសង្គ្រោះសម្រាប់ប្រជាជនហ្វីលីពីន ដែលកំពុងរងផលប៉ះពាល់ដោយការរឹតត្បិតក្នុងវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃ ទី ២៤ ខែ មេសា ឆ្នាំ ២០២០។
ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការពង្រីកវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅថ្ងៃសុក្រនេះ លោកប្រធានាធិបតីបានអះអាងថា « ខ្ញុំសូមព្រមានអ្នករាល់គ្នាថា ខ្ញុំប្រហែលជាប្រកាសច្បាប់អាជ្ញាសឹកហើយក៏គ្មានការផ្លាស់ប្តូរដែរ ហើយខ្ញុំនឹងជូនដំណឹងទៅកងកំលាំងប្រដាប់អាវុធនិងប៉ូលីស ដើម្បីតៀមលក្ខណៈជាមុន»។
កាលពីសប្តាហ៍មុនលោក Duterte បានគំរាមចាត់វិធានការដូចច្បាប់អាជ្ញាសឹកដែរ ដោយជំរុញឲ្យទាហាន និង ប៉ូលីស បញ្ឈប់ប្រជាជនដែលល្មើសនឹងបម្រាមបិទទីក្រុង និងការធ្វើដំណើរនៅក្នុងស្រុកតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោក បន្ទាប់ពីអាជ្ញាធរបានរាយការណ៍ពីការកើនឡើងនៃរថយន្តនៅលើដងផ្លូវក្នុងរដ្ឋធានីម៉ានីល។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺ COVID-19 សរុប ៦,៩៨១ នាក់ និងស្លាប់ចំនួន ៤៦២នាក់៕
ប្រភព៖ សារព័ត៌មាន Channel News Asia