សហព័ន្ធហាប់គីដូរក្សាការរៀបចំការប្រកួតប្រចាំឆ្នាំជាលើកដំបូង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជាបានមានប្រសាសន៍ថា ដោយសារស្ថានភាពជំងឺកូវីដ-១៩ ការហ្វឹកហាត់ ការប្រមូលផ្តុំត្រូវបានផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែគម្រោងរៀបចំការប្រកួតដ៏ធំប្រចាំឆ្នាំជាលើកដំបូង ក្នុងឆ្នាំ២០២០នេះ នៅតែបន្តរក្សាធ្វើដដែល។

លោកអះអាងថា កន្លងមកសហព័ន្ធមិនធ្លាប់មានការប្រកួតធំបែបនេះទេ ហើយនេះគឺជាលើកដំបូង ដើម្បីបើកឱកាសឱ្យកីឡាករ កីឡាការិនីទូទាំងប្រទេសបានចូលរួមប្រកួតប្រជែងយកមេដាយ ដើម្បីបង្កើនគុណភាពបច្ចេកទេសឱ្យបានកាន់តែប្រសើរ។ ប្រភេទកីឡាមិនអូឡាំពិកមួយនេះមិនទទួលបានការគាំទ្រថវិកាជាតិ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដូចបណ្តាសហព័ន្ធកីឡាជាតិនានាឡើយ។ ប៉ុន្តែការប្រកួតនេះនឹងប្រើប្រាស់ការឧបត្ថម្ភរបស់សមាជិកសហព័ន្ធ អាណាព្យាលបាលរបស់កីឡាករ កីឡាការិនីហាប់គីដូ ជាពិសេសគឺទទួលបានការឧបត្ថម្ភគាំទ្រជាថវិកាពីឯកឧត្តម ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពនគរបាលជាតិកម្ពុជា ចំនួន ១.៥០០ដុល្លារអាម៉េរិក, លោកឧកញ៉ា សៅ សេងហាក់ ចំនួន ១.៥០០ដុល្លារអាម៉េរិក និងឯកឧត្តម ម៉ក់ សំអុល ប្រធានសហព័ន្ធកីឡាហាប់គីដូក៏បានឧបត្ថម្ភជាថវិកាផងដែរ ក្រៅអំពីការខិតខំជ្រោមជ្រែងបំផុសស្មារតីឱ្យមានការប្រកួតជាលើកទី១នេះ។

លោក គង់ ចាន់ធីណា បញ្ជាក់ថា តាមពិតគម្រោងរៀបចំការប្រកួតដ៏ធំប្រចាំឆ្នាំ២០២០នេះធ្វើតាំងពីខែមីនា ឬ ក្នុងខែមេសានេះ ប៉ុន្តែដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះបានធ្វើឱ្យកម្មវិធីហ្វឹកហាត់ ការប្រមូលផ្តុំ ការប្រកួតនេះ ត្រូវបានលើកពេលជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពវិលត្រឡប់មកល្អប្រសើរឡើងវិញ។ លោកបន្ថែមថា មូលហេតុ ដែលសហព័ន្ធមិនទទួលបានការជួយឧបត្ថម្ភជាថវិកាប្រចាំឆ្នាំដូចបណ្តាសហព័ន្ធកីឡាជាតិនានានោះ គឺដោយសារប្រភេទកីឡាហាប់គីដូ មិនមែនជាប្រភេទកីឡាសក្តានុពល និងមិនធ្លាប់បានចេញទៅប្រកួតអន្តរជាតិឡើយ និងមិនទាន់អាចបំពេញគ្រប់លក្ខខណ្ឌតាមគោលការនៅឡើយ ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡាតែងតែគាំទ្រសកម្មភាពកីឡាហាប់គីដូនេះរហូតមក តាមរយៈកិច្ចប្រជុំឬផែនការនានារបស់ក្រសួងអប់រំ យុវជន និងកីឡា គឺតែងតែអញ្ជើញសហព័ន្ធកីឡាហាប់គីដូបានចូលរួមរៀងរាល់លើកផងដែរ ៕

ដោយ ហេង ណាលីន