ផ្នែកសំណង់រឹងនៃកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន១០០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — ហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់បម្រើដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានឹងត្រូវរៀបចំឱ្យបានចប់សព្វគ្រប់ នៅដំណាច់ឆ្នាំ២០២០នេះ ខណៈការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានបញ្ចប់សព្វគ្រប់១០០ភាគរយហើយលើផ្នែកសំណង់រឹង។

អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អះអាងនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២០ថា ពេលនេះផ្នែកសំណង់រឹងត្រូវបានបញ្ចប់ជាស្ថាពរហើយ ជារួមការសាងសង់កីឡដ្ឋានធំសម្រេចបានប្រមាណ ៨០ភាគរយ ដោយនៅសល់ ២០ភាគរយទៀតនោះនៅលើកិច្ចការបំពាក់ដំបូល កៅអី កញ្ចក់…និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលត្រូវបំពាក់នៅខាងក្រោមអគារនៃកីឡដ្ឋាន ដែលមានផ្សារទំនើប សណ្ឋាគារ សាលហ្វឹកហាត់មួយចំនួនទៀត។ ខាងភាគីចិនបានប្តេជ្ញាថានឹងសាងសង់កីឡដ្ឋានធំទាំងមូលនឹងធ្វើឱ្យរួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ហើយចាប់ពីឆ្នាំ២០២១តទៅយើងនឹងអាចប្រើប្រាស់នូវពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការហ្វឹកហាត់បន្សាំទៅនឹងទីលាន ហើយក៏ជាកន្លែងប្រារព្ធពិធីបើក-បិទនៃស៊ីហ្គេម ២០២៣ផងដែរ។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា មូលហេតុដែលសំណង់កីឡដ្ឋានធំនឹងសាងសង់ឱ្យរួចរាល់នាដំណាច់ឆ្នាំ២០២០នេះ គឺដោយសារតែការសាងសង់នៅតែបន្តសម្រុកធ្វើជាធម្មតា មិនមានការផ្អាកដំណើរការនោះឡើយ។ ដោយកម្មករចិន-ខ្មែរ ចំនួន៤០០នាក់ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងបំផុតដោយភាគីចិន នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមិនអនុញ្ញាតឱ្យចេញ-ចូលនោះ ដើម្បីអនុវត្តន៍វិធានរបស់សុខាភិបាល ក្នុងការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំពោះហេដ្ឋារចនាសម្ព័ន្ធកីឡា ត្រូវបានឯកឧត្តមមិនដាក់ក្តីព្រួយបារម្ភពេកនោះទេ ប៉ុន្តែអ្វីដែលជាក្តីបារម្ភដ៏ធំនោះ គឺការកសាងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ទោះយ៉ាងនេះក្តី កម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាប្រមាណ១១០នាក់លើគ្រប់ប្រភេទកីឡាទាំងអស់ ដែលត្រៀមស៊ីហ្គេម ទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន នាខែវិច្ឆិកា ឆ្នាំ២០២០ ។ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ នៅតែជាឧបសគ្គរារាំងដល់ការបញ្ជូននេះ គឺកម្ពុជានឹងបញ្ជូនទៅហ្វឹកហាត់នៅចិន នាខែមីនា ឆ្នាំ២០២១ ខាងមុខ ៕

ដោយហេង ណាលីន