យុវជន និងប្រជាការពារភូមិជាច្រើននាក់ ចូលរួមជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប ក្នុងការអនុវត្តគម្រោងស្រែសង្គម

AKP សៀមរាប ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ — លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣​ខែមេសាឆ្នាំ២០២០នេះថា រដ្ឋបាលស្រុកបន្ទាយស្រី បានកំពុងតែមមាញឹកក្នុងការអនុវត្ត​គម្រោងស្រែសង្គម ដែលមានយុវជន ប្រជាការពារភូមិ មន្រ្តីនគរបាល រដ្ឋបាលប៉ុស្តិ៍ និង​អាជ្ញាធរឃុំជាច្រើននាក់បានចូលរួមជាមួយរដ្ឋបាលស្រុកក្នុងការងារចុះបាចជីអាចម៌មាន់នៅ ក្នុងវាលស្រែនៃគម្រោងស្រែសង្គម។ លោកបានបញ្ជាក់ថា បើតាមផែនការ ការងារបាច​ជី​អាចម៌មាន់នេះត្រូវប្រើពេល៣ថ្ងៃ ទើបរួចរាល់ ហើយនៅដើមខែឧសភាគម្រោងនេះ នឹងចាប់​ផ្តើមស្ទូងតែម្តង។

លោកអភិបាលស្រុកបានបន្តថា ការធ្វើស្រែសង្គមនេះ ធ្វើឡើងក្នុងគោលដៅសង្គម និងមនុស្សធម៌ទាំងស្រុង ក្នុងកាលៈទេសៈដែលការរីករាលដាលនៃមេរោគកូវីដ-១៩កំពុងតែ​ជះហានិភ័យទៅដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែលងាយរងផល​ប៉ះពាល់។ លោកបានលើកឡើងថា ឥឡូវនេះប្រជាជនចំនួន៣៩គ្រួសារ មកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹង បានយល់ព្រមជាគោលការណ៍ ផ្តល់ដីស្រែជិត៤០ហិកតា​របស់ពួកគាត់​រហូត​ដល់ដំណាច់ឆ្នាំ២០២០ ជូនរដ្ឋបាលស្រុកដើម្បីដំណើរការគម្រោងមួយនេះ។ ទន្ទឹមនេះ បើមិនមានអ្វីប្រែប្រួលទេ ៣ខែទៀតយើងនឹងអាចទទួលបានផលពី​«ស្រូវស្រាលដើម​រដូវ» ជុំទី១ ពេលនោះម្ចាស់ស្រែ នឹងទទួលបានផលដែរ គឺក្នុង១ហិកតា ចំនួន៤០០គីឡូក្រាម និង​សល់​ប៉ុន្មានទុកចែកជូនប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែលងាយរងផលប៉ះពាល់ ជាពិសេសដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩។

លោក ឃឹម ហ្វីណង់ បានបង្ហាញថា ប្រសិនគម្រោងនេះអនុវត្តន៍បានជោគជ័យ នៅ​ថ្ងៃអនាគត់លោក ក៏មានគម្រោងធ្វើស្រែរួមគ្នា ឬសហគមន៍កសិកម្ម (Agricultural Cooperative ឬ Farmers’ Co-op) គឺជាអ្វីដែលប្រទេសជឿនលឿនគេធ្វើជាប្រចាំទៅហើយ ដោយសារតែវា​ផ្តល់គុណប្រយោជន៍ទៅដល់ប្រជាកសិករ ច្រើនជាងការធ្វើតូចៗដាច់ដោយឡែក ព្រោះ​ការ​ច្របាច់បញ្ចូលគ្នាលើផ្ទៃដីធំល្វឹងល្វើយ នឹងធ្វើឱ្យមានផលចំណេញពីសេដ្ឋកិច្ចមាត្រ​ដ្ឋាន​(economy of scale) ផ្តល់លទ្ធភាពឱ្យប្រើបច្ចេកទេសខ្ពស់និងគ្រឿងចក្រទំនើប ប្រើប្រាស់ពូជថ្មី​ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងមានភាពងាយស្រួលក្នុងការសម្របសម្រួល​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រព័ន្ធស្រោចស្រពធារាសាស្ត្រក៏ដូចជាការស្វែងរកទីផ្សារជូនផងដែរ៕         

ដោយ ឃុត សៅ