សមាជិកព្រឹទ្ធសភាប្រកាសគាំទ្រ ចំពោះវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ — សមាជិកព្រឹទ្ធសភា បានប្រកាសគាំទ្រ និងលើកទឹកចិត្ត ចំពោះវិធានការរបស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតដ៏កាចសាហាវនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកនិងជាអ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងប្រាប់ អ្នកសារព័ត៌មានក្រោយបញ្ចប់សម័យប្រជុំលើកទី៤ នីតិកាលទី៥ នាព្រឹកពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះថា សមាជិកព្រឹទ្ធសភាទាំងមូល បានគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩នេះ ហើយយើងឃើញថា លទ្ធផលផ្លែផ្កា ក្នុងពេលនេះ ផ្តើមចេញពីភាពឈ្លាសវៃ និងដោយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនោះ​ ក្នុងរយៈពេល១០ថ្ងៃមកនេះ ពុំមានអ្នកឆ្លងជំងឺកូវីដ-១៩នោះទេ។

អ្នកនាំពាក្សរូបនេះបន្តថា បើធៀបក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ចំពោះអ្នក ឆ្លងជំងឺកូវីដ-១៩ កម្ពុជាគ្មានអ្នកស្លា​ប់ដោយសារជំងឺនេះទេ។ ចំណុចនេះបង្ហាញពីភាពជោ​គ​ជ័យ នៃវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល។ ដូច្នេះទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក និងគណៈកម្មការទាំងអស់សូមគំាទ្រជានិច្ច និងផ្តល់ការលើកទឹកចិត្ត ហើយមានជំនឿ ជឿជាក់ទៅលើករាជរដ្ឋាភិបាល។ អ្នកនាំពាក្យព្រឹទ្ធសភា បានក៏បានលើកឡើងថា កន្លងមក សមាជិកព្រឹទ្ធសភា បានចូលរួមយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ដែលខ្វះខាតនៅតាមមូលដ្ឋាន ដូចជាសម្ភារការពារជំងឺកូវីដ-១៩ មាន ម៉ាស់  ទឹកអាល់កុល ជេលលាងដៃ និងគ្រឿងឧបភោគបរិភោ​គជាដើម។

ដោយឡែកនៅចន្លោះសម័យ ប្រជុំលើកទី៤ និងលើកទី៥នេះដែរ  ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការក្រុមភូមិភាគនានា សមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារស្របតាមការកំណត់ ក្នុងប្រការ៥៥នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដែលគិតចាប់ពីថ្ងៃទី២៣ ខែមករាដល់ថ្ងៃទី២៣ខែមេសានេះ គឺបានទទួលពាក្យបណ្តឹង ចំនួន១៦ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន១២ករណី ធ្វើលិខិតអន្តរាគមន៍ ទៅ ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន១២ករណី កំពុងពិនិត្យសិក្សាចំនួន៤ករណី  ឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន១២ករណី និងបានទទួលលិខិតឆ្លើយតបអំពីការដោះស្រាយ ពាក្យបណ្តឹងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៣ករណី ព្រមទាំងបានដោះស្រាយបញ្ចប់ ១ករណី និងទទួលឯកសារពាក្យបណ្តឹងដែលក្រសួងស្ថាប័នពាក់ព័ន្ធចម្លងជូន មកគណៈកម្មការ ដើម្បីជូនជ្រាបចំនួន២៤ករណី។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្តថា ក្រៅពីនេះ ក៏មានប្រជុំផ្ទៃក្នុងគណៈកម្មការចំនួន ៣៣លើក ចុះបេសកកម្មក្នុងប្រទេសចំនួន១២លើក, បំពេញបេសកកម្មក្រៅប្រទេសចំនួន២ លើក, ចូលរួមសិក្ខាសាលាវេទិកា  និងកិច្ចប្រជុំនានាចំនួន១៨៨លើក, ទំនាក់ទំនងជាមួយ ស្ថាប័នជាតិ និងអន្តរជាតិចំនួន៧លើក, ចូលរួមពិធីផ្លូវការផ្សេងៗចំនួន២២០លើក, សមាជិក គណៈកម្មការនានាចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន១៨៨លើក និងនៅចន្លោះសម័យ ប្រជុំលើកទី៤ និងលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤ ក៏បានកំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤ ដោយលើកយក របៀបវារៈជាច្រើនមកពិនិត្យ និងផ្តល់យោបល់តាមការស្នើសុំរបស់គណៈកម្មការជំនាញ នានារបស់ព្រឹទ្ធសភា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការច្បាប់ចាំបាច់របស់រាជរដ្ឋាភិបាល៕

ដោយ ប៉ាល់ សុង