ប្រធានសហព័ន្ធហែលទឹកចុះពិនិត្យអាងហែលទឹកអូឡាំពិកដែលស្ថាបនាឡើងវិញអស់ជិត៣លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា​ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានដឹកនាំប្រតិភូចុះពិនិត្យអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានស្ថាបនាឡើងវិញឱ្យត្រូវតាមស្តង់ដារអន្តរជាតិ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា អាងហែលទឹកនេះ ត្រូវ បាន​ជួស​​ជុល​ឡើងវិញរយៈពេល ១៨ខែ ដោយចំណាយថវិកាជិត៣លានដុល្លាអាម៉េរិក ក្រោម​ជំនួយ​របស់ក្រុមហ៊ុន Shanghai Construction ដែលជាក្រុម ហ៊ុនសាងសង់ផ្លូវថ្នល់នៅកម្ពុជា។ ឯកឧត្ដមបានលើកឡើងថា អាងហែលទឹកនេះត្រូវជួសជុលនឹងពង្រីកបន្ថែមឱ្យត្រូវបានតាម​ស្តង់ដារអន្តរជាតិ ដែលមាន​បណ្តោយ៥០ម៉ែត្រ និងទទឹង២៥ម៉ែត្រ និងមាន១០ខ្សែបន្ទាត់ ក្រៅពីនេះមានដូចជាអាង​លោត​ទឹកក៏ត្រូវបានពង្រីកដល់២៥ម៉ែត្រ ខណៈម៉ាស៊ីនបូបទឹក ម៉ាស៊ីន​ចម្រោះទឹកត្រូវបានផ្លាស់ប្តូរថ្មី និងកៅអីអង្គុយទស្សនាជាង ១,៦០០កៅអីក៏ត្រូវបាន​ផ្លាស់​ថ្មីទាំងអស់។ ក្រៅពីនេះក៏មានបន្ទប់​ដាក់​​ឧបករណ៍ហ្វឹកហាត់ ដោយប្រភេទកីឡាហែល​ទឹកនេះ គឺមិនមែនហ្វឹកហាត់តែនៅក្នុងទឹក​នោះទេ ពោលគឺហ្វឹកហាត់ទាំងលើគោក និងក្នុងទឹក ដោយមានរយៈពេលប្រហាក់ប្រហែលគ្នា បើហាត់លើគោក២ម៉ោង រីឯការហ្វឹកហាត់ក្នុងទឹក​ប្រហែល​២ម៉ោងដែរ។

ឯកឧត្តមប្រធានសហព័ន្ធហែលទឹកបានគូសបញ្ជាក់ថា «ពីដើមមកយើងមិនដែល​មាន​បន្ទប់​ដាក់ឧបករណ៍ហ្វឹកហាត់កម្តៅសាច់ដុំឱ្យបានខ្លាំងនោះទេ ប៉ុន្តែពេលនេះយើងមានហើយ​បូករួមទាំងកន្លែងស្នាក់នៅសម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិយើង ៥៥នាក់ ដោយមាន​កន្លែងគេង បន្ទប់ចម្អិនម្ហូបអាហារសម្រាប់ពួកគាត់ឱ្យបានសមរម្យ ដើម្បីសម្រួចគោល​ដៅឆ្ពោះ​​ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣»។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា ពេលនេះកម្ពុជាមានអាងហែលទឹកពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដែលត្រូវបានស្ថាបនាយ៉ាងប្រណីតរួចរាល់ហើយៗសហព័ន្ធ​កំពុងសាងសង់​អាង​ហែលទឹកខ្នាតអន្តរជាតិនៅខេត្តបាត់ដំបង, សាងសង់រួចអាងហែលទឹកនៅកោះធំខ្នាតតូច ឬពាក់កណ្តាលស្តង់ដារអន្តរជាតិ, អាងហែលទឹកនៅខេត្តកំពង់ចាម, អាងនៅពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ។ នៅពេលខាងមុខឯកឧត្តមរំពឹងថាយើងនឹង​បន្តការសាងសង់នៅបណ្តា​ខេត្ត​មួយចំនួនទៀត ដើម្បីទាក់ទាញយុវជនឱ្យចូលរួមក្នុងវិស័យកីឡាហែលទឹកកាន់តែ​សម្បូរ​បែប៕

ដោយ ហេង ណាលីន