រដ្ឋមន្រ្តី​​​​​​​ក្រសួងសេដ្ឋកិច្ចដឹក​នាំ​​កិច្ចប្រជុំ​គណៈកម្មការមូលបត្រកម្ពុជា​​លើកទី៦០

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​​​​​​​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​ជាប្រធាន​គណៈកម្មការមូលប​ត្រ​​​​​កម្ពុជាបានអញ្ជើញដឹក​នាំ​​កិច្ចប្រជុំ​​គណៈកម្មការមូលបត្រកម្ពុជា​​លើកទី៦០នៅព្រឹកថ្ងៃទី២៣ ​​ខែមេសា ឆ្នាំ២០២០នេះ។

បន្ទាប់​​ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោ​ប​ល់ទាំង​កម្រិតបច្ចេកទេស និងគោល​នយោបាយទៅលើឯកសារ ដែលរៀបចំដោយ នាយកដ្ឋា​នជំនាញនៃគណៈកម្មការមូលប​ត្រ​​​​​កម្ពុជា ហើយអង្គប្រជុំ​បាន​​សម្រេចនូវរបៀបវារៈ មួយចំនួ​ន​​ដូច​ជា៖ របៀបវារៈទី១. អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយលក់ មូលបត្របំណុលសម្រាប់​វិនិយោ​គិនគុណវុឌ្ឍិ។ របៀបវារៈទី២. អនុម័តលើសេចក្តីព្រាង ប្រកាសស្តីពីវិ​សោ​​ធនកម្មលើប្រកាសលេខ០០៤/១៥ គ.ម.ក. ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការផ្តល់អាជ្ញាប័ណ្ណ និងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សន្ទ។ របៀបវារៈទី៣. អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាប័ណ្ណក្រុមហ៊ុន​ទីប្រឹក្សា ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនប៊ី ខេភីថល ភីអិលស៊ី (Bee Capital Plc.) និងការស្នើសុំការអនុញ្ញាត ធ្វើជាក្រុមហ៊ុន​ចែកចាយលក់មូលបត្ររបស់ក្រុមហ៊ុនហ្គោលដេន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី (Golden Fortune (Cambodia) Securities Plc.)។ របៀបវារៈទី៤. អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាប័ណ្ណ​ក្រុមហ៊ុនថែ​រក្សាទ្រព្យ សម្បត្តិជំនួសរបស់ក្រុមហ៊ុនអហ្វស័រ ខាប់ភីថល ត្រាសធី ឯ.ក (Offshore Capital Trustee Co., Ltd.), ក្រុមហ៊ុនយ័នហាន ត្រាស អ៊ិនវេសម៉ិន ឯ.ក (Yuanhan Trust Investment Co., Ltd.),​ ក្រុមហ៊ុនព្រីនស៍ ត្រាស់ ឯ.ក (Prince Trust Co., Ltd.) និងក្រុមហ៊ុន​ជីស៊ីស៊ីធី ឯ.ក (GCCT Co., Ltd.)។ របៀបវារៈទី៥. អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើ ការស្នើសុំ អាជ្ញាប័ណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុនអេ.យូ រីត ឯ.ក (A.U Reits Co., Ltd.), ក្រុមហ៊ុនអាន ឃែភីថល ឯ.ក (Ants Capital Co., Ltd), ក្រុមហ៊ុនអាយអេស​​​4 ខេអេច អេសិត មេនេចម៉ិន ម.ក (IS4KH Asset Management Plc.) និងក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថល មេនេចម៉ិន (ខេមបូឌា) ឯ.ក (Belt Road Capital Management (Cambodia) Co., Ltd.)។ របៀបវារៈទី៦. អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាប័ណ្ណ ឈ្មួញ ជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុនអេសធី ម៉ាឃីត ឯ.ក (Stmarket Company Limited), ក្រុមហ៊ុនកូម៉ូ ធី ឯ.ក (Commo T Co., Ltd.) និងក្រុមហ៊ុនយូនីវើសល ឌីរីវេធីវ អ៊ិកឆេន ឯ.ក (Universal Derivatives Exchange Co., Ltd.) និងរបៀបវារៈទី៧. អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំការទទួ​ល​​ស្គាល់មេធាវី​​ផ្តល់សេវា ក្នុងវិស័យមូលបត្ររបស់ក្រុមមេធាវី ស្កាយ និងសហការី៕

ដោយ គង់ សិរីរ័ត្ន