ឯកឧត្ដម ឃួង ស្រេង ទទួលអំណោយជាសម្ភារសម្រាប់ប្រើប្រាស់ បង្ការនិងទប់ស្កាត់​ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ពីក្រុមហ៊ុនណាហ្គាវើលដ៍

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ — រដ្ឋបាលរាជធានីភ្នំពេញ បានទទួលអំណោយពីក្រុមហ៊ុនណាហ្គាវើលដ៍ នូវសម្ភារសម្រាប់​ប្រើប្រាស់ ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ក្នុងប្រទេស​កម្ពុជា រួមមានម៉ាស់សម្រាប់ការពារចំនួន១០,០០០ម៉ាស់ ជែលលាង ដៃ១,០០០ ដប និងទឹក​អាល់​កុល៦កាន ស្មើ១៨០លីត្រ។ ក្នុងពិធីប្រគល់និងទទួល នេះបានធ្វើឡើងកាលពីព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០២០ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវ​តែ​បន្តរក្សាការការពារខ្លួន ដោយការប្រុងប្រយ័ត្នខ្ពស់ថែមទៀតព្រោះជំងឺកូវីដ-១៩ មិនទាន់រក​ឃើញ​វ៉ាក់សំាងការពារ ឬថ្នាំព្យាបាលពិតប្រាកដនៅឡើយទេ។ ឯកឧត្ដមបានស្នើសុំឱ្យបងប្អូន​ប្រជា​ពលរដ្ឋ កុំភ័យខ្លាចពេក កុំហ៊ានពេក និងត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវធ្វើយ៉ាងណាឱ្យ​មានគម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ សួស សំរិត