មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម​ អះអាងថា​ ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ​ មានការស្នើសុំ​បើកបង្កើតរោងចក្រថ្មីចំនួន៧៧​ រោងចក្រ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម​ ហេង​ សុខ​ គង់​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍បានអះអាងថា​ ក្នុងរយៈពេលត្រីមាសទីមួយឆ្នាំ២០២០នេះ​ មានការ​​ស្នើសុំបង្កើត​រោងចក្រថ្មីចំនួន៧៧រោងចក្រ​ នៅកម្ពុជានេះ​ ដែលនេះគឺជាការឆ្លុះបញ្ចាំងឱ្យ​ឃើញ​ពីការ​ជឿ​ជាក់របស់អ្នកវិនិយោគលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នាព្រឹកថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០២០​ នៅទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ឯកឧត្ដម ហេង សុខគង់ បានគូសបញ្ជាក់ថា​ ទន្ទឹមនឹងការស្នើសុំបង្កើតរោងចក្រ​ថ្មីយ៉ាងនេះក្តី​ ក៏យើងឃើញថាមានរោងចក្រចំនួន៦ផងដែរ​ ដែលបានស្នើសុំបិទនៅកម្ពុជា​ ស្រប​ពេលដែលកម្ពុជាក៏ដូចនៅលើពិភពលោកបាននឹងកំពុងប្រឈមនឹងជំងឺកូវីដ-១៩​ ដែល​ធ្វើ​ឱ្យរោងចក្រមួយចំនួនបង្ខំចិត្តបិទ​ ឬព្យួរការងារកម្មករក្រោមហេតុផលខ្វះវត្ថុធាតុដើម្បី​ផលិត។ ឯកឧត្ដមបានលើកឡើងថា តែសម្រាប់ការបិទរោងចក្រនៅកម្ពុជានេះ​ គឺក្រសួងយល់​ឃើញថាប្រហែលជារោងចក្រទាំងនោះប្រឈមមុខនឹងបញ្ហាក្ស័យធុន​ ឬបញ្ហាមួយចំនួនផ្សេង​ទៀតដែលបង្ខំឱ្យ​ថៅកែរោងចក្រសម្រេចចិត្តបិទ។

ឯកឧត្តម​បានបន្តថា​ នេះគឺជាមោទនភាពណាស់សម្រាប់កម្ពុជាក្នុងកាលៈទេសៈ​នៃ​វិបត្តិសកលនៃជំងឺកូវីដ-១៩​ ដែលមានការស្នើសុំបង្កើតរោងចក្រថ្មីចំនួន៧៧​។ ទន្ទឹមនេះ ប្រទេសមួយចំនួនបានបិទរោងចក្រដោយសារតែបញ្ហាខ្វះវត្ថុធាតុដើមដើម្បីផលិតដែលធ្វើឱ្យប្រទេសទាំងនោះបង្ខំចិត្តបិទតែម្តង។ ដោយឡែកសម្រាប់កម្ពុជាក្រោមកិច្ចសហការយ៉ាង​ខ្លាំង​ក្លា​ពីសំណាក់មិត្តចិន​ កម្ពុជាបានទទួលនូវវត្ថុធាតុដើមដើម្បីបម្រើដល់សង្វាក់ផលិត​កម្មនៅ​កម្ពុជា​ ជៀសវាងការខ្វះវត្ថុធាតុដើមសម្រាប់ផលិត។

ឯកឧត្តម​រដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា​ នៅពេលដែលកម្ពុជាខ្វះខាតវត្ថុធាតុដើម​ដើម្បី​​ផលិត​ ក្នុងកាលៈទេសៈនៃការកើត​ឡើងនូវជំងឺ​កូវីដ-១៩ ជាលក្ខណៈជាសកលនេះ ចិន​បានផ្តល់មកកម្ពុជានូវវត្ថុធាតុដើម​ ដល់កម្ពុជាសម្រាប់បំពេញសង្វាក់ផលិតកម្មនៅ​កម្ពុជាមុន​គេ​បំផុតលើពិភពលោកបើទោះបីជាវាមិនទាន់គ្រប់គ្រាន់ក៏ដោយ៕

ដោយ ចាន់ សុធីវង្ស