កិច្ចសហប្រតិបត្តិការទ្វេភាគី និងការពិនិត្យឡើងវិញលើជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល អូស្រ្តាលី

AKP​ ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០–តាមប្រភពព័ត៌មានពីក្រសួងកសិកម្មបានឱ្យដឹងថា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្ដែងការគួរសម នៅទីស្តីការក្រសួង កាលពីថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ។

កិច្ចពិភាក្សាការងារនេះ គឺពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិនិត្យឡើងវិញលើជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងជាពិសេសស្ថិតក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រយុទ្ធប្រឆាំងជំងឺឆ្លងសកលកូវីដ-១៩ ដែលវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង ដើម្បីរក្សានិរន្តរភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់សេដ្ឋកិច្ច  ជាតិ។

តាមរយ:ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបាននិងបន្តជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្មតាមរយៈការអនុវត្តគម្រោងជាច្រើន។ ជាពិសេស គម្រោងស្តីពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC, ២០១៦-២០២១) ដែលគម្រោងនេះបាននិងកំពុងចូលរួមអនុវត្តន៍គោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម (២០១៩-២០២៣) យ៉ាងសកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា គម្រោងទាំងអស់នេះពិតបានចូលរួមលើកកម្ពស់ផលិតភាពផលិតកម្ម បង្កើតការងារ ធានាសន្តិសុខស្បៀង បង្កើនការនាំចេញ ប្រកួតប្រជែង សំដៅលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ ចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ-១៩ និងជាពិសេសស្របតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យប្រជាពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មកសិកម្ម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ។ ព្រមជាមួយគ្នាត្រូវឆ្លៀតយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ក្រសួងបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនក្នុងបំណងច្បាមយកកាលានុវត្តភាពបង្កើនផលិតភាពផលិតកម្ម ធានាដល់ការផ្គត់ផ្គង់ស្បៀងសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

ឯកអគ្គរដ្ឋទូតបានឯកភាព និងយល់ស្របតាមអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនខាងលើ ព្រោះថាជាក់ស្តែងប្រជាកសិករដែលស្ថិតក្នុងគោលដៅរបស់គម្រោងនេះបាននិងកំពុងមានការកែប្រែជាវិជ្ជមានទាំងទម្លាប់ កម្រិតជីវភាព កំណើនចំណូល ស្តែងចេញឱ្យឃើញតាមរយ:ពួកគាត់មានរបររឹងមាំ បង្កើនរដូវដាំដុះ និងបង្កើនទិន្នផល និយាយរួមស្ថានភាពជីវ ភាពគ្រួសារត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។ ម៉្យាងវិញទៀត អ្វីដែលឯកឧត្តរដ្ឋមន្រ្តីបានលើកឡើងពាក់ព័ន្ធ និងការអភិវឌ្ឍវិស័យកសិកម្ម គឺពិតជាស្របតាមផែនការ នៃជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីថ្មី ដែលផែនការនេះផ្តោតជាសំខាន់លើការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មកសិកម្ម ដោយសំដៅលើការធ្វើពិពិធភាវូបនីយកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម បង្កើនផលិតភាព ការកែច្នៃ ស្តង់ដារគុណភាព ជារួមបង្កើនខ្សែសង្វាក់ផលិតកម្ម និងតម្លៃបន្ថែម។

ឯកអគ្គរដ្ឋទូត បានបញ្ជាក់ជូនថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរឡើងវិញ ឯកឧត្តមនឹងចុះទៅតាមបណ្តាខេត្តគោលដៅរបស់គម្រោងដើម្បីធ្វើការវាយតម្លៃលើតម្រូវការជាក់ស្តែង ជាពិសេសលើផលិតកម្មស្រូវ។

ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តជួយគាំទ្រដល់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាព ជាពិសេសវិស័យកសិកម្មបន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ- ១៩ ត្រូវបានល្អប្រសើរ៕

ដោយ សេង សុវណ្ណនី