សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់​ ក្នុងការការពារ​ខ្លួនពីជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពល​រដ្ឋឱ្យ បន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទោះបីជាងមួយ​សប្តាហ៍​មកនេះ​ ប្រទេសកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីក្តី។ នេះបើយោងតាមទំព័រ ហ្វេសប៊ុកផ្លូវ​ការរបស់សម្តេច​ប្រធានរដ្ឋសភា​។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរម្លឹកដល់ពលរដ្ឋ​ មិនត្រូវប្រហែស និងភ្លេច​ខ្លួនពីការការពារពីជំងឺនេះឡើយ។ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់បងប្អូន កូន ​ក្មួយ​ទំាងអស់ បន្តរក្សាការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការការពារខ្លួន កុំឱ្យជំងឺនេះឆ្លងមក​លើខ្លួន​យើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិរបស់យើងទៀត។ សម្ដេចប្រធាន​បានបញ្ជាក់ថា “សូមបង​ប្អូនអនុវត្តន៍ឱ្យខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវធ្វើ​អនាម័យខ្លួន​ប្រាណជា​ប្រចំា ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ហើយ​ពេលធ្វើដំណើរ​ត្រូវពាក់​ម៉ាស់ និងមិនត្រូវធ្វើការជួបជុំមនុស្សច្រើននោះឡើយ។ បើដឹងថាខ្លួន​មកពីតំបន់ដែល​មានការឆ្លងរីករាលដាលជំងឺនេះ ឬបានប៉ះពាល់អ្នកជំងឺនោះ សូមរក្សាខ្លួន​ដាច់​ពី​គេរយៈពេល​១៤ថ្ងៃ និងបើមានបញ្ហាអ្វីមិនស្រួលសូមទាក់ទងជាបន្ទាន់ទៅកាន់​លេខ​១១៥”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានថ្លែងអំណរគុណដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភាទំាងអស់ ដែលបានបរិច្ចាគថវិកាចូលរួមជាមួយគណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធជំងឺកូវីដ-១៩ និងបានចុះអប់រំ ផ្សព្វផ្សាយ ចែកម៉ាស់ អាល់កុល និង​សម្ភារ​មួយ​ចំនួនទៀត ដល់ពលរដ្ឋឱ្យបានយល់ដឹង និងមានមធ្យោបាយការពារពីជំងឺនេះ​ ហើយក៏បាន​ស្នើ​ដល់សមាជិកសមាជិការដ្ឋសភាទំាងអស់បន្តសកម្មភាពនេះទៀត ក្នុងការ​ប្រយុទ្ធប្រឆំាង​វីរុស​កូរ៉ូណា ឬកូវីដ-១៩នេះ។ ទន្ទឹមនេះ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណផងដែរ ចំពោះ​ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់​ចេញ​នូវ​​វិធានការនានាប្រកបដោយភាពម៉ឺងម៉ាត់ មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ជំងឺនេះទាន់​ពេលវេលា។

សូមជម្រាបថា​ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ​ កម្ពុជាបានរក​ឃើញ​អ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន១២២ករណី​(រាប់ទាំងអ្នកដែលបានព្យាបាលជា​សះ​ស្បើយ និងអ្នកដែលកំពុងព្យាបាល) ក្នុងនោះក៏មិន​មានករណីវិជ្ជមានកូវីដ-១៩ថ្មីនោះ​ឡើយ។ ប៉ុន្តែអ្នកជាសះស្បើយសរុបមានចំនួន១១០នាក់ ពោលមានន័យថាបច្ចុប្បន្ននេះ មានអ្នកជំងឺ​កូវីដ-១៩នៅកម្ពុជា មានចំនួនតែ ១២នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាក​ព្យាបាល៕

ដោយ រិទ្ធី