ឯកឧត្តម សូរ វ៉ិចទ័រ ដឹកនាំ​កិច្ចប្រជុំតាម Video Conference ពិភាក្សាលើសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

AKP ភ្នំពេញ ថ្ងៃទី២៣ ខែ​មេសា ឆ្នាំ​២០២០–កាលពីថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និង​ដឹកជញ្ជូន ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំតាម Video Conference ពិភាក្សាលើសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ​៤៨ ជាមួយតំណាង EDCF ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។

កិច្ចប្រជុំនេះធ្វើឡើង​ក្នុង​គោលបំណងដើម្បីវាយតម្លៃលើសំណើសុំឥណទានបន្ថែមសម្រាប់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏ដូចជាពិនិត្យលើកំណត់ហេតុនៃកិច្ចប្រជុំ ដើម្បីកែសម្រួលខ្លឹមសារ ឬលុបចោលចំណុចមួយចំនួន ដែលមិនឆ្លុះបញ្ចាំងនូវស្មារតីនៃកិច្ចប្រជុំនាពេលកន្លងមក សំដៅចម្រាញ់ឱ្យបាននូវខ្លឹមសារ ដែលទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងបម្រើឱ្យប្រយោជន៍ជាតិមាតុភូមិកម្ពុជា។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ភាគីកូរ៉េបានឯកភាពលើសំណើសុំបន្ថែមឥណទាននេះរួចហើយ ភាគីកម្ពុជាដែលមានក្រសួងសាធារ​ណ​​ការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យឱ្យបានល្អិតល្អន់លើកំណត់ហេតុនេះ មុននឹងចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់។

សូមបញ្ជាក់ថា ផ្លូវនេះមានប្រវែងសរុប ១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលដល់ទីរួមខេត្តកោះកុង ហើយកន្លងមកត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗផងដែរ។ ដោយសារផ្លូវនេះជាច្រករបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពលសម្រាប់ការនាំចេញ-នាំចូលរវាងកម្ពុជា និងប្រទេសក្នុងតំបន់ រាជរដ្ឋាភិបាលបានសម្រេចពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិនេះពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ(AC) ដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនបន្ថែម រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ សម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលផងដែរ៕

ដោយ ទេស ច័ន្ទសុធារី