មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងជំរុញឱ្យប្រជាកសិករបង្កើនការដាំបន្លែសរីរាង្គ

AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ –​​ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះ​​ពិនិត្យសកម្មភាព និងវឌ្ឍនភាព នៃខ្សែចង្វាក់ផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និង​ការប្រមូលទិញតាមកិច្ចសន្យា) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

លោក ងិន ហ៊ុន មានប្រសាសន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះជួយបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែម​ដល់ប្រជាកសិករ នៅក្នុងការដាំបន្លែសរីរាង្គ និងបន្លែសុវត្ថិភាព ដើម្បីបង្កើនបរិមាណផលិតផល និង​ធានាគុណភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារ និងដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អ្នក​បរិភោគ។

លោក ងិន ហ៊ុន មានប្រសាសន៍បន្តថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោ បាយ និងសន្តិសុខសង្គម បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុក ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះបានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើង កែប្រែទម្លាប់ពីការផលិតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការលើទីផ្សារវិញម្តង ។ ការប្រែប្រួលបែបនេះក៏បានធ្វើឱ្យប្រជាពលរដ្ឋយើង មានការផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារ ដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។ រីឯភ្ញៀវទេសចរវិញក៏មានសេចក្តីត្រូវការម្ហូបអាហារដែលមានសុវត្ថិភាពផងដែរ។ ដូច្នេះដើម្បីឆ្លើយតប និងបំពេញនូវសេចក្តីត្រូវការទាំងអស់នេះ តម្រូវឱ្យមានកិច្ចសហការគ្នាយ៉ាងស្អិតល្មួតពីគ្រប់ដៃគូពាក់ព័ន្ធ រួមមាន រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ជាដើម។

លោកបានលើកឡើងទៀតថា ការចុះពិនិត្យជាក់ស្ដែងដល់ទីកន្លែងនេះ គឺដើម្បី​ទាញយកចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានាដែលអ្នកផលិត ក៏ដូចជាឈ្មួញ ឬក្រុមហ៊ុនប្រមូលទិញកំពុងជួបប្រទះ រួចដាក់ចេញនូវយន្តការដោះស្រាយជាប្រព័ន្ធមួយ​ច្បាស់​លាស់ ទាន់ពេល និងមានប្រសិទ្ធភាព ប្រយោជន៍បង្កើតសុខដុមនីយកម្មរវាងអ្នកផលិត និងអ្នកទិញ ធានាបាននូវផលិតភាពផលិតកម្មបន្លែគុណភាព សុវត្ថិភាព និរន្តរភាពនៃ​ការផ្គត់​ផ្គង់ ស្ថិរភាពតម្លៃ ហើយពិតណាស់គឺធានាបាននូវសុខភាពសាធារណ:។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា  បានចុះពិនិត្យតាមដានជាប្រចាំ ក្នុងការងារបង្កបង្កើនផលដំណាំស្រូវ និងដំណាំបន្លែ នៅស្រុកសាមគ្គីមានជ័យ និងស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នប្រជាកសិករកំពុងមមាញឹកក្នុងការងារភ្ជួររាស់ និងហាលដីបន្ទាប់ពីមានភ្លៀងធ្លាក់ជាបណ្តើរៗមក ហើយនៅតាមភូមិឃុំមួយចំនួន ប្រជាកសិករបាននិងកំពុងធ្វើការប្រមូលផលដំណាំ មានដូចជា ត្រសក់ទ្រើង បន្លែស្លឹក ស្ពៃ សាលាដ សណ្ដែកកួរ …ជាដើម ដែលក្នុង១ថ្ងៃអាចផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅខេត្ត បានជាមធ្យមប្រមាណពី ២ទៅ៣តោន ហើយចំពោះតម្លៃផលិតផលវិញ សង្កេតឃើញថា មានតម្លែល្អ ធ្វើឱ្យប្រជាកសិករប្រឹងប្រែងដាំដុះបន្ថែមទៀត។

ក្នុងពេលនោះដែរលោក ប្រធានមន្ទីរ និងសហការី បានទៅពិនិត្យមើលខ្សែចង្វាក់ផលិតកម្មស្ករត្នោតរបស់សហគមន៍កសិកម្ម មរតកស្ករត្នោតខ្មែរ និងកន្លែងវេចខ្ចប់ស្ករត្នោតរបស់ក្រុមហ៊ុន នៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលសហគមន៍អាចផលិតស្ករត្នោត(ប្រភេទស្ករហ៊ុយ) បានជាមធ្យមចំនួន ៨តោនក្នុងមួយខែ ហើយបច្ចុប្បន្ននេះ បានផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុន ក្នុងមួយគីឡូក្រាមបានតម្លៃ ៦.៥០០រៀល ៕

ដោយ បៃ ស៊ីថុន