ក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីសំណើលើកគម្រោងមូលនិធិពិសេស នៃកិច្ចសហការ មេគង្គ-ឡានឆាង សម្រាប់ឆ្នាំ ២០២១ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ — ក្រសួងព័ត៌មានបានបើកកិច្ចប្រជុំស្តីពីសំណើលើកគម្រោងមូលនិធិពិសេស នៃកិច្ច​សហការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ ២០២១ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត និងលើកគម្រោងកិច្ចសហការ ជាមួយដៃគូអន្តជាតិ ស្របទៅនឹងវិស័យនានា ក្នុងក្រសួងព័ត៌មាន។

ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មានបានបញ្ជាក់ឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២០នេះថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំគណៈកម្មការ សម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃ ក្រសួងព័ត៌មាន កាលពី​អំឡុងខែមីនា ឆ្នាំ២០២០កន្លងមក ដោយបានផ្តោតជាសំខាន់លើចក្ខុវិស័យ ផ្តួចផ្តើមគំនិត​ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងលើកគម្រោងកិច្ចសហការ ជាមួយដៃគូអន្តជាតិ ស្រប​ទៅនឹងវិស័យនានា ក្នុងក្រសួងព័ត៌មាន។ ឯកឧត្ដមបានបញ្ជាក់ថា សម្រាប់ការងារនៃ កិច្ច សហប្រតិបត្តិការ មេគង្គ-ឡានឆាង គឺមានប្រទេស ៦ ជាសមាជិក រួមមាន ចិន កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម ហើយប្រទេសទាំង ៦ នេះ បានចែករំលែកទឹកទន្លេមេគង្គ ព្រំដែន និងវប្បធម៌ ស្រដៀងគ្នា ព្រមទាំងមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ រឹងមាំ ដែល​គ្របដណ្តប់ លើវិស័យជាច្រើន។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា លើសពីនេះទៀត បណ្តាប្រទេសទាំង ៦ បាន​ប្រើ​ប្រាស់ចក្ខុវិស័យ រួមគ្នាដូចដែលមានចែងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចសហ​ប្រតិ​បត្តិការមេគង្គ-ឡានឆាន នឹងរួមចំណែកដល់ការអភិវឌ្ឍ ដល់សេដ្ឋកិច្ច និងសង្គម នៃបណ្តា​ប្រទស​អនុតំបន់ នៅក្នុងការបង្កើនសុភមង្គល របស់ប្រជាជន ក៏ដូចជាការកាត់បន្ថយ​នៃគម្លាតការអភិវឌ្ឍ ក្នុងចំណោម ប្រទេសក្នុងតំបន់ ក៏ដូចជាការគាំទ្រ ការកសាងសហគមន៍ អាស៊ាន៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា