ព្រឹទ្ធសភាអាមេរិកអនុម័តលើគម្រោងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ៤៨០ពាន់លានដុល្លារអាមេរិក

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកា ជិតកន្លះទ្រីលានដុលា្លរសម្រាប់ទ្រទ្រង់អាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ ដោយសារការរីករាលដាលជំងឺ COVID-19 និងជាថវិកា សម្រាប់យុទ្ធនាការធ្វើតេស្ដរកជំងឺនេះនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃ ទី ២២ ខែ មេសា ឆ្នាំ ២០២០។
ការអនុម័តលើគម្រោងផ្តល់ជំនួយសង្គ្រោះបន្ទាន់នេះ មានការយល់ព្រមជាឯកច្ឆន្ទបន្ទាប់ពីការចរចាជាងមួយសប្តាហ៍រវាងក្រុមអ្នកប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋនិងសេតវិមាន ឥឡូវនេះបានឆ្ពោះទៅកាន់សភាតំណាងរាស្រ្តដែលការបោះឆ្នោតអាចសម្រេចចុងក្រោយនឹងកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។វិធានការនេះគឺជា ការបញ្ចូលសាច់ប្រាក់ដ៏ច្រើនចុងក្រោយរបស់រដ្ឋាភិបាលដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងដួលរលំ និងដើម្បីទប់ស្កាត់ជំងឺរាតត្បាត COVID-19 ដែលបានសម្លាប់ប្រជាជនអាមេរិកចំនួន ៤៣,០០០ នាក់ និង ធ្វើឲ្យមនុស្សប្រមាណ ២២ លាននាក់គ្មានការងារធ្វើ។
សូមបញ្ជាក់ផងដែរថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានស្នើដល់សភាអាមេរិកអនុម័តច្បាប់នេះឲ្យបានឆាប់រហ័ស ដើម្បីជួយដល់បណ្តាអាជីវកម្មប្រមាណ១,៦លានដែលកំពុងរងផលប៉ះពាល់៕
ប្រភព៖ សារព័ត៌មាន Channel News Asia