បទយកការណ៍៖ សូមកុំប្រហែសនឹងជំងឺកូវីដ១៩ ទោះបីជាមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី​ រយៈពេល១០ថ្ងៃមកហើយ

AKP ភ្នំពេញ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ — នរណាក៏សប្បាយចិត្តដែរនៅពេលដែលព្រឹកឡើងបានអាន ឬ ក៏ស្តាប់សេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលថា មិនមានករណីឆ្លងថ្មីនៃមេរោគកូវីដ​១៩ ហើយនៅព្រឹកនេះក៏ដូចជាព្រឹកណាៗដែរ ដែលទឹកមុខពលរដ្ឋរីករាយ១០ថ្ងៃជាប់ៗគ្នា ព្រោះតែសេចក្តីប្រកាសព័ត៌មានបញ្ជាក់​ថា មិនមានករណីវិជ្ជមានណាមួយត្រូវបានរកឃើញ ហើយមានករណីជាសះស្បើយជាបន្តបន្ទាប់ ប៉ុន្តែទន្ទឹមនឹងនេះក៏មានពលរដ្ឋមួយចំនួនភ្លេច ឬ មើលរំលងវិធានសុវត្ថិភាពនៅក្នុងការបង្ការ ដោយសារតែព័ត៌មានដ៏រីករាយប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ។

ឆ្លើយតបនឹងចំណុចនេះ ពលរដ្ឋមួយចំនួនដែលមានការយល់ដឹងបានសំណូមពរឱ្យជនរួមជាតិទាំងអស់កុំធ្វេសប្រហែស ពីព្រោះកាលណាម្នាក់ៗធ្វេសប្រហែសតែមួយពេល ការឆ្លងអាចមានឡើងវិញ ហើយអាចច្រើនជាងមុនផងក៏ថាបាន។​

លោក ហ៊ាង តុលា ដែលជាមន្រ្តីរាជការវ័យ​៤៥ឆ្នាំមួយរូប បានឱ្យដឹងថា នៅក្នុងកាលៈទេសៈនេះ នរណាក៏សប្បាយចិត្តដែរពេលដែលសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលព្រឹកឡើងប្រកាសថា​គ្មានករណីវិជ្ជមាន ប៉ុន្តែសូមទាំងអស់គ្នាបន្តយកចិត្តទុកដាក់លើការបង្ការខ្លួនពីមេរោគដ៏កាចសាហាវនេះ ។

លោកបានថ្លែងបន្តទៀតថា មេរោគនេះវាឆ្លងលឿនខ្លាំងណាស់​ បើយើងគ្រប់គ្នាប្រហែសតែបន្តិច វាអាចនឹងចម្លងទៅសមាជិកគ្រួសារ ទៅ​មិត្តភ័ក្រ្ត ទៅអ្នករួមការងារ និងអ្នកដែលប្រាស័យទាក់ទងជាមួយនឹងយើងបានយ៉ាងងាយស្រួល​ ដូច្នេះប្រសិនបើប្រយ័ត្នបាន គួរតែប្រយ័ត្នទៅ ។​

លោក តុលា បានថ្លែងនូវការកត់សម្គាល់ជាលក្ខណឯកជនរបស់លោកថា ពេលដែលឭមានឆ្លងខ្លាំង នៅតាមផ្លូវនរណាក៏ពាក់ម៉ាសការពារដែរ នរណាក៏មានដបអាល់កុល ឬ ជែល តាមខ្លួនដែរ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ​​ ម៉ាសក៏ដូចជាមិនសូវឃើញអ្នកពាក់ដែរ ។​

លោកបានបញ្ជាក់ថា៖ “​តាមផ្លូវព្រឹកមិញ ពេលខ្ញុំបើកឡានទៅធ្វើការ ឃើញអ្នកពាក់ម៉ាសដូចជាតិចណាស់ ” ។​

លោកស្រី លី សុផាត ដែលជាអាជីវករមួយរូប ​បានចូលរួមបញ្ចេញយោបល់ថា ពលរដ្ឋយើងពេលខ្លាចគឺខ្លាចជ្រុល​ ហើយពេលឭស្អីក៏ជឿដែរ ប៉ុន្តែនៅពេលដែលហ៊ានក៏ហ៊ានជ្រុលណាស់ដែរ ។​

លោកស្រីបានបន្តថា ប៉ុន្មានថ្ងៃមុននេះ​ នៅពេលដែលគេ (ក្រសួងសុខាភិបាល) រកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩នេះជាប់ៗគ្នា អាជីវករខ្លះ មិនត្រឹមតែពាក់ម៉ាស់ទេ គឺមានពាក់របាំងមុខផ្លាស្ទិកទៀត តែដល់ពេលដែលការឆ្លងរាងស្ងាត់បែបនេះ នាំគ្នាព្រលែងចង់អស់ហើយ​។

យោងតាមរបាយការណ៍ដែលផ្តល់ដោយក្រសួងសុខាភិបាលបានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានករណីអ្នកជំងឺដែលផ្ទុកវីរុសកូវីដ១៩ នេះ​សរុបចំនួន ១២២ នាក់ ដោយនៅក្នុងនោះ​ពលរដ្ឋខ្មែរមានចំនួន៥១​នាក់ បារាំង ៤០នាក់​ ម៉ាឡេស៊ី ១៣នាក់ អង់គ្លេស ០៥នាក់ ចិន ​០៣នាក់ វៀតណាម ០​៣នាក់អាមេរិក ០២នាក់ ឥណ្ឌូនេស៊ី ០២នាក់ កាណាដា ០២នាក់​ ​និងបែលហ្សិកម្នាក់ ។ នៅក្នុងចំណោមអ្នកដែលឆ្លងទាំងអស់នេះ គឺមាន​១១០នាក់ហើយដែលព្យាបាលជាសះស្បើយ ឬ ក៏៩០,១៦ ភាគរយ ចាប់តាំងពីករណីវិជ្ជមានទី១ ត្រូវបានរកឃើញនៅកម្ពុជាកាលពីចុងខែមករា កន្លងមក ។

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានវាយតម្លៃដ៏វិជ្ជមាននៅក្នុងការអនុវត្តនូវវិធានសុវត្ថិភាពស្តីអំពីការបង្ការ និងទប់ស្កាត់ការរឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី​២០ ខែ មេសា ឆ្នាំ​២០២០។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងកត់សម្គាល់ថា សព្វថ្ងៃនេះសមិទ្ធិផលនៃការអនុវត្តវិធានសុវត្ថិភាពកំពុងតែមាន ហើយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគឺបានចូលរួមនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ប៉ុន្តែឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ទាំងអស់គ្នាត្រូវតែបន្តខិតខំប្រឹងប្រែងជានិច្ច ដើម្បីកុំឱ្យវាឆ្លងរីករាលដាលនៅក្នុងប្រទេសយើង ។

ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវថា៖ “សូមបន្តការខំប្រឹងប្រែងបង្ការ និងទប់ស្កាត់ការរីករាលដាលនូវវីរុសកូវីដ១៩ទាំងអស់គ្នា ពោលគឺការពារការចម្លងពីក្រៅ និងការឆ្លងចូលសហគមន៍នៅក្នុងប្រទេសរបស់យើង” ។

សព្វថ្ងៃនេះ កម្ពុជាបាន និងកំពុងតែជំរុញ និងអនុវត្តវិធានសុវត្ថិភាពជាច្រើន ដោយរួមទាំងការដាក់ឱ្យសិស្ស-និស្សិតសម្រាកវិស្សមកាលតូចមុនកាលកំណត់ និងការបន្តផ្អាកការសិក្សានៅគ្រប់កម្រិត ការផ្អាកការជួបជុំជាសាធារណៈ និងសកម្មភាពនានាដែលប្រមូលផ្តុំមនុស្សច្រើន ការបិទកន្លែងកម្សាន្ត បៀរហ្គាដេន ខារ៉ាអូខេ ការប្រគុំតន្រ្តី រោងភាពយន្ត សកម្មភាពជួបជុំខាងសាសនា និងលើកទឹកចិត្តឱ្យពលរដ្ឋម្នាក់ៗស្វ័យការពារខ្លួន តាមរយៈការពាក់ម៉ាស ការលើកកម្ពស់ការរស់នៅស្អាត ដោយការលាងដៃជាប្រចាំជាមួយនឹងសាប៊ូ​ ឬ អាល់កុល ឬ ជែល​ រួមទាំងការជំរុញឱ្យដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ១៤ ​និងវិធានគន្លាតសុវត្ថិភាពសង្គម គឺនៅក្នុងរង្វង់ពី១,៥ម៉ែត្រ ទៅ ២ម៉ែត្រជាដើម ។​​

តាំងពីចុងខែមករា មកដល់ពេលនេះ កម្ពុជាអាចទប់ស្កាត់នូវការរីករាលដាលនៃមេរោគកូវីដ​១៩​នេះត្រឹមតែ​១៣ ខេត្ត-រាជធានី ខណៈដែលនៅលើពិភពលោកវាកំពុងតែឆ្លងពេញបន្ទុក ។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា គិតត្រឹមថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ វេលាម៉ោង២ព្រឹក ម៉ោងសាកល មេរោគកូវីដ១៩ បានឆ្លងរីករាលដាលសរុបចំនួន ២,៤លាននាក់ និងសម្លាប់ជីវិតមនុស្សអស់ប្រមាណជា ១៦៣.០៩៧ នាក់ ។​ ដោយឡែកនៅទូទាំងតំបន់អាស៊ីអគ្នេយ៍ គឺមានករណីឆ្លងសរុប ចំនួន ៣២.៤៩៦ នាក់ ។

ដោយ ហេង បញ្ញា