រដ្ឋបាលរាជធានីភ្នំពេញ ទទួលសម្ភារសម្រាប់បង្ការមេរោគកូវីដ-១៩ ពីទីក្រុងសៀងហៃ ប្រទេសចិន 

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាសម្ភារ សម្រាប់បង្ការ​មេរោគឆ្លងកូវីដ-១៩ ពីទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីប្រគល់​និង ទទួលនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅសាលារាជធានី ភ្នំពេញ។   សម្រាប់សម្ភារដែលប្រគល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញនេះ រួមមាន ម៉ាស់N-95​ចំនួន៣,០០០ម៉ាស់ ម៉ាស់ធម្មតាចំនួន២០,០០០ ម៉ាស់​និងខោអាវការពារមេរោគចំនួន​៥០០​កំប្លេ។   

ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវអំណរគុណ ចំពោះប្រទេសចិនដែលតែងតែជួយ​កម្ពុជា​ពិសេសក្នុងកាលៈទេសៈនេះ បើទោះបីថា នៅក្នុងប្រទេសចិនបាននិងកំពុងប្រឈមនឹង​បញ្ហាការឆ្លង​រីករាលដាលជំងឺកូវីដ-១៩ក៏ដោយ​ ប៉ុន្តែ ចិននៅតែបន្តជួយមកកម្ពុជា ដោយបាន​បញ្ជូននូវគ្រឿងបរិក្ខារ ដើម្បីការពារទប់ស្កាត់នូវជំងឺកូវីដ-១៩នេះមកឱ្យកម្ពុជាដែរ។ ឯកឧត្ដម​បានបញ្ជាក់ថា នេះគឺជាមិត្តដ៏ល្អបំផុត ដែលជួយគ្នាក្នុងគ្រាក្រ។ ឯកឧត្ដមអភិបាលរាជ​ធានី​ភ្នំពេញបានគូសបញ្ជាក់ថា ទីក្រុងសៀងហៃ គឺជាទីក្រុងសម្ព័ន្ធមេត្រី​ភាពទីមួយ ដែលបានផ្តល់​ជំនួយជាសម្ភារទប់ស្កាត់ ជូនដល់រាជធានីភ្នំពេញ ហើយមនោសញ្ចេតនានេះ​បានឆ្លាក់ជាប់​ក្នុងក្រអៅបេះដូងប្រជាពលរដ្ឋរាជធានីភ្នំពេញជារៀងរហូត។ 

ឯកឧត្ដមក៏បានអំពាវនាវឱ្យ​បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់​ចំពោះ​ជំងឺកូវីដ-១៩នេះ ដោយត្រូវ​ការ​ពារ​ខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់​ក្រសួង​​​សុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឱ្យបាន​ជាប់ជាប្រចាំពិសេសលាងដៃជាមួយសាប៊ូ ពាក់​ម៉ាស់ការពារ ចៀសឱ្យបានការជួបជុំប្រមូល​ផ្តុំគ្នា​ជាដើម។

ឯកឧត្ដម វ៉ាង វិនធាន បានលើកឡើងថា ប្រទេសចិននឹងចូលរួមជាមួយកម្ពុជា ដើម្បី​ទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយចិនគាំទ្រនិងបន្ដជួយកម្ពុជាជានិច្ច​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ដោយកន្លងមកយើងបានបញ្ជូននូវគ្រឿងបរិក្ខារជាមួយនឹង​ពេទ្យជំនាញមកជួយកម្ពុជា ដែលចំពោះមុខប្រទេសចិន នឹងបន្តជួយកម្ពុជា បើប្រទេសកម្ពុជា​ត្រូវការឱ្យប្រទេសចិនជួយនោះ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបន្ដថា ចាប់តាំងពីប្រទេសកម្ពុជាមាន​ការផ្ទុះឡើងនូវ​ជំងឺវីរុសCOVID-19មក បណ្តាខេត្តក្រុងក្នុងប្រទេសចិនបានផ្តល់ជំនួយជាសម្ភារ​ទប់ស្កាត់នឹងជំងឺវីរុសជូនដល់បណ្តាខេត្ត ក្រុងសម្ព័ន្ធមេត្រី​ភាពក្នុងប្រទេសកម្ពុជា ដើម្បីជា​កម្លាំងជំនួយជូនដល់ភាគីកម្ពុជាក្នុងការទប់ស្កាត់នឹងជំងឺវីរុសលើកនេះ។

ឯកឧត្ដមបានបន្ថែមថា សម្រាប់លើកនេះ ​ ​ទីក្រុងសៀងហៃ ប្រទេសចិនបានផ្តល់ម៉ាស និងសម្លៀកបំពាក់ដែលជាតម្រូវការចាំបាប់ជូនដល់​​រាជធានីភ្នំពេញ និងបានបញ្ជាក់ឱ្យឃើញ​សារជាថ្មីម្តង​ទៀតពីការជួយយកអាសាគ្នា និងមនោសញ្ចេតនាបងប្អូនដែលប្រៀបដូចដៃ​និង​ជើងរវាងប្រជាជនទាំងពីរប្រទេស៕

ដោយ សួស សំរិត