អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលគូសបញ្ជាក់ថា ការធ្លាក់ចុះនៃតម្លៃប្រេង គឺមិននាំឱ្យថ្លៃ​អគ្គិសនី​​ធ្លាក់ចុះ​នោះទេ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃតម្លៃប្រេង គឺមិននាំឱ្យថ្លៃអគ្គិសនីធ្លាក់​ចុះនោះ​ទេ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និង​ថាមពល ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី កាល​ពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម វិចទ័រ ហ្សូនា បានលើកឡើងថា ការផ្គត់​ផ្គង់​ថាមពលបច្ចុប្បន្ននេះ បើយើងគិតជាសមាសភាព បានមកពីប្រេងដែលចូលរួមការផលិត​តែ ៥ភាគរយទេ ហើយការផលិតពីវារីអគ្គិសនី គឺមាន៣៣ភាគរយ ពីធ្យូងថ្មមានបរិមាណ​ប្រហាក់​ប្រហែល៣២ភាគរយ។ ចំណែកការនាំចូលពីប្រទេសជិតខាង រួមមានប្រទេសថៃ ឡាវ វៀតណាម មានប្រមាណ៣៥ភាគរយ ព្រមទាំងបានមកពីថាមពលផ្សេងទៀត គឺប្រមាណ ២ភាគរយ ។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “ខ្ញុំគិតថា ទោះជាបច្ចុប្បន្ននេះ ប្រេងចុះប៉ុណ្ណឹងក៏ដោយ​បើសិនជាយើងផលិតអគ្គិសនី​ដោយសារប្រេង ប្រហែលប្រេងរាល់ថ្ងៃ មានតម្លៃលើស​បច្ចុប្បន្ន​នេះ។ បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋដែលទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិ ក្នុង​បរិមាណ​​៩០ភាគរយ អ្នកទាំងឡាយដែលបានទទួលការផ្គត់ផ្គង់ពីម៉ាស៊ីនតូចៗ នៅជនបទថ្លៃ​ភ្លើងខ្ពស់ជាង ២,០០០រៀល បើយកប្រេងទៅផលិតជាអគ្គិសនី លើសពី២,០០០រៀល នាបច្ចុប្បន្ន”។ ឯកឧត្ដមបានបន្ដថា ជាយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិ​បាល​កម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រសួងនឹងពង្រីកបណ្តាញ​ជាតិឱ្យគ្រប​ដណ្តប់ដល់ភូមិឋានប្រជាពលរដ្ឋ នៅតាមជនបទ ដើម្បីឱ្យពួកគាត់ទទួលបានផលប្រយោជន៍ ចំពោះតម្លៃអគ្គិសនីសមរម្យ ក្នុងពេលបច្ចុប្បន្ននេះ ដែលកំពុងតែទទួលបាន គឺការប្រើប្រាស់​លើសពី២០០គីឡូវ៉ាត់ម៉ោង ឡើងទៅគឺមានតម្លៃ ៧០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ចំពោះ​ការប្រើប្រាស់ក្រោមនេះ វាអាចចុះរហូតដល់តម្លៃ ៣៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ជាដើម ដែលទាំងនេះជាការគិតគូរដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប។ ឯកឧត្ដម​បាន​បន្ដ​ទៀត​ថា កម្ពុជាបន្តធ្វើការរកស៊ីអគ្គិសនី ទៅតាមការកំណត់ថ្លៃតាមរយៈអាជ្ញាធរ​អគ្គិសនី​កម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តរភាពលើការផ្គត់ផ្គង់អគ្គិសនី ប្រសិនបើអ្នក​ប្រើប្រាស់ចង់​បាន​តម្លៃអគ្គិសនី មានតម្លៃថោក ហើយអត់មាននិរន្តរភាព ហើយជឿជាក់ថា ពេលណាមួយ នឹង​អស់អគ្គិសនីប្រើប្រាស់ទាំងអស់គ្នា។

ឯកឧត្ដមបានបន្ថែមថា “ក្នុងករណីផលិតថ្លៃដើម និងថ្លៃលក់ចេញអត់មានសមាមាត្រ ដែលធ្វើឱ្យអង្គភាពមួយ​រស់​បានពេលនោះ នឹងធ្វើឱ្យការផ្គត់ផ្គង់ មានភាពរអាក់រអួល អាចនឹង​បង្កឱ្យប៉ះពាល់​ដល់​សង្គម សេដ្ឋកិច្ច ជាពិសេសវាអាចបង្កឱ្យប៉ះពាល់ដល់វិស័យឧស្សាហកម្ម​នានាផងដែរ”៕

ដោយ រិទ្ធី