អ្នកនាំពាក្យក្រសួងការងារ៖ យើងរួមសហការគ្នាត្រួតពិនិត្យសុខភាព ជូនបងប្អូនកម្មកររោង​ចក្រ​បានចំនួន ១,០១៨នាក់ បន្ទាប់ពីវិលត្រឡប់មកពីបុណ្យចូលឆ្នាំខ្មែរវិញ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ — ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្រុម គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មករ​រោង​ចក្រដែលបានឈប់ពេលចូលឆ្នាំខ្មែរ និងទើបវិលត្រឡប់ចូលធ្វើការវិញ។ ទន្ទឹមនេះ យើង​រួមសហការគ្នាត្រួតពិនិត្យសុខភាព ជូនបងប្អូនកម្មកររោងចក្របានចំនួន ១,០១៨នាក់។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសចុះពិនិត្យមើលការដាក់ឱ្យដំណើរការ​មណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មករ​រោង​ចក្រដែលបាន​ឈប់​ពេលចូលឆ្នាំខ្មែរ និងទើបវិលត្រឡប់ចូលធ្វើការវិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

ឯកឧត្ដម ហេង សួរ បានគូសបញ្ជាក់ថា គោលបំណងនៃការត្រួតពិនិត្យសុខ​ភាពនេះគឺ​ដើម្បីការពារសុខភាពបងប្អូនកម្មកររោងចក្រជាង ៩៥ភាគរយ ដែលបានមកធ្វើការងារធម្មតា​ក្នុង​អំឡុងពេលចូលឆ្នាំ ក៏ដូចជាការពារសុខភាពបងប្អូនដែលបានឈប់នោះផងដែរ។ ឯកឧត្ដមបានបន្ដថា ការត្រួតពិនិត្យសុខភាព ជូនបងប្អូនកម្មកររោងចក្របានចំនួន ១,០១៨​នាក់ គឺក្នុងនោះបានយកសំណាកទៅពិសោធន៍បន្តចំនួន ១៨នាក់ ដោយដាក់ឱ្យ​ស្នាក់នៅ​មណ្ឌល​ចត្តាឡីស័កកម្រិត២  នៅវិទ្យាល័យជម្ពូវន្ត ទាំង ២១នាក់។ (សូមបញ្ជាក់អ្នកទាំង ២១​នាក់​នេះ មិនមែនជាអ្នកមានវិជ្ជមានកូវីដ-១៩ទេ)។ ដាក់ឱ្យស្នាក់នៅមណ្ឌចត្តាឡីស័ក​កម្រិត១ (វិទ្យាល័យជម្ពូវន្ត) ចំនួន ៣៨នាក់ និងដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៥៩នាក់ សម្រាប់នៅរាជធានីភ្នំពេញ។ ដោយឡែកនៅខេត្តព្រះសីហនុ ក៏បានរៀបចំមណ្ឌលត្រួតពិនិត្យ​សុខភាពចំនួន ២កន្លែង ដោយបានពិនិត្យសុខភាព និងដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៦០នាក់ផងដែរ។ ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដទៀតថា ការត្រួតពិនិត្យកម្មករ​រោងចក្រ នឹងបានការងារថ្ងៃទី១នៅម៉ោង ៧:៤០នាទីយប់ ហើយយើងរីករាយក្នុងការ​បំពេញ​ការងារ​មនុស្សធម៌នេះ ពីព្រោះវាជាកាតព្វកិច្ចរបស់យើងម្នាក់ៗ និងដើម្បីប្រយោជន៍សុខភាព ស្ថិរភាពសង្គមជាតិយើង។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “ប៉ុន្តែខ្ញុំសូមសំណូមពរដល់បុគ្គលគ្រប់ស្រទាប់​វណ្ណៈ​ទាំង​អស់ សូមមេត្តាចងចាំក្នុងចិត្តថា ជំងឺកូវីដ-១៩ វាមិនមែនជារឿងរបស់អ្នកតែ​ម្នាក់ឯងនោះ​ទេ។ អ្នកអាចក្លាយជាភ្នាក់ងារបំផ្លាញជីវិតអ្នកដទៃ ប្រសិនជាអ្នកមិនខិតខំការពារខ្លួន​អ្នកកុំឱ្យ​ឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ បើអ្នកមិនមែនជាអ្នកជំនាញ សូមអ្នកស្តាប់ការអំពាវនាវ​របស់អ្នកជំនាញ និងរាជរដ្ឋាភិបាល។ បើអ្នកមិនបានជួយអ្វីដល់សង្គម សូមអ្នកកុំដាក់បន្ទុក​បន្ថែម​​​ដល់សង្គម។ បើអ្នកមិនសូវសប្បាយចិត្តនឹងរង់ចាំអ្វីមួយនៅថ្ងៃនេះ សូមអ្នកដឹងថាអ្នក នៅជុំវិញអ្នកខ្លាចអ្នកប៉ុណ្ណាទេ។” ជាមួយគ្នានេះ ឯកឧត្ដមក៏សូមអរគុណចំពោះការសហការ និងភាពអត់ធ្មត់ដែលអ្នកសងមកវិញនៅថ្ងៃនេះ ហើយនេះជាមេរៀនមួយ ដែលមិនគួរកើត​មាន​ម្តងទៀត។

ឯកឧត្ដមបានបន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ការងារនៅតែអាណិត​ស្រឡាញ់​បងប្អូនទាំងអស់ដោយសារយើងជាជនរួមជាតិតែមួយ បើទោះមាន ឬក្រ ល្អ​ឬអាក្រក់​យើងនៅតែជាខ្មែរ ដែលខុសលើកទី១ ហើយដឹងខ្លួនគឺជារឿងនៅអាច​ទទួលយក​បាន៕

ដោយ រិទ្ធី