ក្រុមហ៊ុន (Cambodia) Fiber Optic Communication Network Co., Ltd. (CFOCN) ប្រគល់ម៉ាសការពារចំនួន ៣៣៤ប្រអប់ ជូនក្រសួងសាធារណការ និងដឹកជញ្ជូន

AKP ភ្នំពេញ ថ្ងៃទី២១ ខែ​មេសា ឆ្នាំ​២០២០–កាលពីថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក ជា សុជាតិ នាយករងខុទ្ទកាល័យឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញទទួលម៉ាសការពារពីលោក Ouyang Wanhua តំណាងក្រុមហ៊ុន (Cambodia) Fiber Optic Communication Network Co., Ltd. (CFOCN)។

នៅក្នុង​ឱកាសនោះ លោក ជា សុជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន (Cambodia) Fiber Optic Communication Network Co., Ltd. (CFOCN) ដែលបាននាំយកម៉ាសការពារមកប្រគល់ជូនក្រសួងដើម្បីចូលរួមទប់ស្កាត់ និងបង្ការការចម្លងមេរោគកូវីដ-១៩។

ទន្ទឹមនឹងនេះ លោកនាយករងបាន​គូសបញ្ជាក់ថា ការប្រគល់ម៉ាសការពារនេះជាកាយវិការប្រកបដោយទឹកចិត្តសប្បុរសធម៌ជួយគ្នាក្នុងគ្រាលំបាក បង្ហាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

ដោយឡែក លោក Ouyang Wanhua បានមាន​ប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេស ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន ដែលជានិច្ចកាលបានផ្តល់ការគាំទ្រជាច្រើននាពេលកន្លងមក លើគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន (Cambodia) Fiber Optic Communication Network Co., Ltd. (CFOCN) បានឧបត្ថម្ភម៉ាសការពារ (Medical Face Mask) ចំនួន១០.២០០បន្ទះ ស្មើនឹង៣៣៤ប្រអប់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ ។

បច្ចុប្បន្ន ក្រុមហ៊ុន (Cambodia) Fiber Optic Communication Network Co., Ltd. (CFOCN) កំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតជាសំខាន់លើ ការវិនិយោគ វិស័យសំណង់ ប្រតិបត្តិការជួល/ លក់បណ្តាញខ្សែកាបអុបទិក ការបញ្ជូនទិន្នន័យ និងសេវាអ៊ីនធ័រណែតនៅទូទាំងប្រទេសផងដែរ៕

ដោយ ទេស ច័ន្ទសុធារី