ក្រុងលីស៊ួយ ប្រទេសចិន ផ្តល់បរិក្ខារពេទ្យដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP សៀមរាប ថ្ងៃទី​​​២០ ខែ​មេសា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានទទួលស្វាគមន៍ រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែល បាននាំយកអំណោយជាបរិក្ខារពេទ្យ មានម៉ាស់ N95 ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ ១០០ កំប្លេរ និងម៉ាស់ចំនួន១ម៉ឺនម៉ាស់ មកផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក Mei Zhongmin អនុប្រធានសមាគមពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តមប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប នៅសាលា ខេត្តសៀមរាប។

លោក Mei Zhongmin បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន សំខាន់គឺខេត្តសៀមរាប និងក្រុងលីស៊ួយ នៃខេត្តជឺជាំង ក្នុងពេលដែលប្រទេសចិនបានកំពុង ជួបវិបត្តិកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប បានជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខារពេទ្យ ក្នុងនាមជា បងប្អូនរួមជីវិតតែមួយក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកបានបន្តទៀតថា ដោយកាយវិការដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប  ដែលធ្វើឱ្យក្រុង ខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា មិនអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ។ ដូច្នេះនៅពេលកម្ពុជាបានកំពុងជួបវិបត្តិកូវីដ-១៩នេះ រដ្ឋបាលក្រុងលីស៊ួយ ក៏ដូចជាខេត្ត សម្ព័ន្ធមេត្រី ត្រូវធ្វើការចែករំលែកគ្នាជួយមិត្តក្នុងគ្រាលំបាក ហើយក៏បាននាំយកនូវសម្ភារៈ បរិក្ខារពេទ្យមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប យកទៅបម្រើការងារប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ក្នុងពេលនេះ។

ក្នុងនោះដែរលោក Mei Zhongmin​ ក៏បានសាទរចំពោះកម្ពុជា បានព្យាបាលជាសះ ស្បើយជាបន្តបន្ទាប់ ហើយមកដល់ថ្ងៃនេះមិនរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ហើយកត្តា ទាំងនេះគឺវិធីសាស្ត្រដ៏ល្អក្នុងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការពារការរីករាលដាលនៃជំងឺកូវីដ-១៩។

មានប្រសាសន៍ឆ្លើយតបនាឱកាសនោះ ឯកឧត្តម ទៀ សីហា​ ក៏បានរម្លឹកថា ខេត្ត សៀមរាបមានចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងចំនួន៤នៃប្រទេសចិន កន្លងមកភាគី ចិននិងកម្ពុជា បានចាប់ដៃគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការប្រតិបត្តិការយ៉ាងល្អ ប្រសើរលើ គ្រប់វិស័យដើម្បីការអភិវឌ្ឍ។ សម្រាប់ស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ បានបង្កើន កម្រិតលើអត្ថន័យបន្ថែមទៀត នៃការរួមជីវិតតែមួយលើចំណងសម្ព័ន្ធមេត្រីភាពនេះ។ ការគាំ ទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈបរិក្ខារ និងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដូងតែមួយជា បងប្អូនចិន-កម្ពុជា។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការ ល្អនឹងគ្នា រវាងខេត្ត ក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប បានសម្រេចនូវលទ្ធផលជា ផ្លែផ្កា សំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និងវិស័យពាណិជ្ជកម្មផងដែរ។ ក្នុងនោះ ដែរឯកឧត្តមក៏បានលើកនូវវិធីសាស្ត្រ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួង សុខាភិបាលក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានកំពុងតែ អនុវត្តន៍នៅឡើយ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងលីស៊ួយ ហើយនឹងធ្វើ ការផ្តល់អំណោយទាំងនេះ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាល ខេត្ត ហើយម៉ាស់ទាំងនេះនឹងត្រូវបានចែកជូនដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងក្រុមការ ងារដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ៕

ដោយ ហង្ស សៀក