ទិវារត់ប្រណាំងអន្តរជាតិចក្រភពខ្មែរ ដែលរៀបចំធ្វើនៅខែសីហាខាងមុខ ត្រូវលើកទៅឆ្នាំ២០២១

AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ — ទិវារត់ប្រណាំងអន្តរជាតិចក្រភពខ្មែរ (Khmer Empire Full Marathon) លើកទី៧ នាខែសីហា ឆ្នាំ២០២០ ត្រូវបានលើកពេលទៅរៀបចំនៅឆ្នាំ២០២១វិញ ដូចទិវារត់ប្រណាំងពាក់កណ្តាល​ម៉ារ៉ាតុងភ្នំពេញ ដែលត្រូវលើកពេលដែរ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ស្របពេល​ដែល​ទិវាពាក់កណ្តាលម៉ារ៉ាងតុងអន្តរជាតិអង្គរខេត្តសៀមរាប នាខែធ្នូ ដែលទាក់ទាញបាន​អ្នក​រត់ច្រើនលើសលប់រហូតដល់ជាង១ម៉ឺននាក់នោះ មិនទាន់សម្រេចថាត្រូវលើកពេល ឬយ៉ាង​ណានោះទេ ដោយរង់ចាំមើលស្ថានភាពជាក់ស្តែង។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិចក្រភពខ្មែរ ដែល​តែងតែប្រារព្ធធ្វើឡើងនារៀងរាល់ខែសីហានោះត្រូវបានលើកពេលទៅធ្វើនៅឆ្នាំ២០២១វិញ ដោយ​គណៈកម្មការទទួលចុះឈ្មោះបានជម្រាបជូនដំណឹងដល់អ្នកចូលរួមរត់ប្រណាំងជាតិ និងអន្តរជាតិរួចរាល់ហើយ ដែរតាមរយៈគេហទំព័រ និងតាមការចុះឈ្មោះតាម​ប្រព័ន្ធ​អន​ឡាញ។ ប៉ុន្តែទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរខេត្តសៀមរាប ដែលតែងតែ​ប្រារព្ធធ្វើឡើងនាខែធ្នូជាង២០ឆ្នាំកន្លងទៅនោះ គឺកំពុងស្ទង់មើលស្ថានការសិន។ ឯកឧត្តមអគ្គ​លេខាធិការបានបញ្ជាក់ថា “សម្រាប់ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នាខែមិថុនា ដែលលើកពេលមុនគេ គឺគណៈកម្មការរៀបចំបានទទួលសំណូមពរពីអ្នករត់ជាតិ និងអន្តរជាតិទូទាំងពិភពលោក  ហើយគណៈកម្មការរៀបចំទិវានេះបានរក្សាទុកអ្នកចុះឈ្មោះ និងបង់ថ្លៃរួចទៅឆ្នាំ២០២១វិញ ដោយការផ្អាកនេះ គឺជាវិធានការទប់ស្កាត់នៃជំងឺកូវីដ-១៩​របស់គណៈកម្មការរៀបចំ”។

ឯកឧត្ដមបានបន្ថែមថា វិធានការនេះគឺយើងអនុលោមឱ្យស្របទៅនឹងគោល ការណ៍​របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដោយយើងពិនិត្យយ៉ាងល្អិតល្អន់​ទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ដែលយើងមិនអាចរៀបចំ​ដោយ​ចិត្តឯងនោះឡើយ ពោលគឺយើងត្រូវតែ គោរពឱ្យបាននូវវិធានការទាំងអស់របស់​រាជ​រដ្ឋាភិបាល ក៏ដូចជាស្របទៅនឹងស្មារតីរបស់អ្នកចូលរួមរត់ប្រណាំងទាំងអស់ផងដែរ ដើម្បី​រួម​ចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីនេះទាំងអស់គ្នា៕

ដោយ ហេង ណាលីន