ប៉ុស្តិ៍ទទក២ សម្ពោធការចាក់ផ្សាយសាកល្បង ការបង្រៀនពីចម្ងាយ

AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ — ប៉ុស្តិ៍ទទក២ ឬ ទទក-អប់រំ ដែលជាប៉ុស្តិ៍ថ្មីមួយ នៃទូរទស្សន៍ជាតិកម្ពុជា បានចាប់ផ្តើមសាកល្បងការផ្សាយរបស់ខ្លួនជាផ្លូវការ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ។ ទទក២ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា។ ប៉ុស្តិ៍ថ្មីនេះ មានគោលបំណងលើកកម្ពស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ខណៈសាលារៀននៅទូទាំងប្រទេសត្រូវបានបិទទ្វារ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

ទទក២ ចាក់ផ្សាយវីដេអូនៃការបង្រៀន ដោយផ្តោតទៅលើមុខវិជ្ជាសំខាន់ៗសម្រាប់សិស្សានុសិស្សគ្រប់កម្រិត ចាប់ពីកម្រិតអប់រំកុមារតូច រហូតដល់ថ្នាក់ទី១២ ។ ការចាក់ផ្សាយនឹងប្រព្រឹត្តទៅ២៤ម៉ោងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ ដែលក្នុងនោះចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង២៤:០០យប់ ជាការផ្សាយវីដេអូនៃការបង្រៀនជាប្រចាំ ហើយពីម៉ោង២៤:០០យប់ ដល់ម៉ោង៨:០០ព្រឹក ជាការចាក់ផ្សាយឡើងវិញ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួង នាព្រឹកមិញថា៖ “នេះគឺជាសមិទ្ធិផលដ៏ធំធេងមួយរបស់ក្រសួងយើងនៅក្នុងអាណត្តិនេះ” ។

យោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី សម្រាប់ដំណាក់កាលទី ១ ទទក២ នឹងចាក់ផ្សាយវីដេអូបង្រៀនដែលផលិតរួចហើយដោយក្រសួងអប់រំ យុវជន និងកីឡា ហើយនៅជំហានបន្ទាប់ យើងនឹងផលិតថ្មី ប្រកបដោយបច្ចេកទេសខ្ពស់ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

ក្រៅពីទទក២ សិស្សានុសិស្សអាចទស្សនាវីដេអូបង្រៀនពីចម្ងាយនេះ តាមរយៈទូរទស្សន៍ផ្កាយរណបតេជោធីវី (DTV) ប៉ុស្តិ៍លេខ ២២ កម្មវិធី App របស់ក្រសួងព័ត៌មាន និងទូរទស្សន៍ខ្សែកាប ទូទាំង២៥ រាជធានី-ខេត្ត ដែលមាន៥៥ប៉ុស្តិ៍ថ្មី។

គួររម្លឹកថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជននិងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោល់គ្នាស្ដីពី ការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។

អនុស្សរណៈនេះ មានគោលដៅគាំទ្រដល់ការអប់រំដែលមានគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ជាពិសេសការលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងក្នុងគោលដៅលើកកម្ពស់ការទទួលបានសេវាអប់រំប្រកបដោយសមធម៌ និងគុណភាព សម្រាប់សិស្សានុសិស្សគ្រប់រូបនៅគ្រប់ភូមិសិក្សា នៅក្នុងកំឡុងពេលបិទសាលានេះ៕

ដោយ នីកា